លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ប្រតិភូខេត្តអញ្ជើញចុះត្រួតពិនិត្យសំណង់ទ្វារទឹកទំនប់ម្កាក់
បញ្ចូលអត្ថបទ ៖ vichet
2016-03-20 17:36:20

ក្នុងដំណើរចុះបំពេញបេសកកម្មរបស់ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត នៅក្នុង ទឹកដីភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសំណង់ទ្វារទឹក ទំនប់ម្កាក់ ស្ថិតនៅក្នុងភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ដែលបានស្ថាបនាឡើងដោយក្រុមហ៊ុនចិន ក្រោម ជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៦នាចុងសប្តាហ៍មកនេះ ។ តាមការបញ្ជាក់បង្ហាញ របស់ក្រុមហ៊ុនចិន ក៏ដូចលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប បានឲ្យដឹងថា ការដ្ឋានសំណង់ទ្វារទឹក និង ទំនប់ម្កាក់នេះ បានបើកការដ្ឋានសាងសង់ និង ជួសជុល ចាប់ពីថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ២០១៥ ហើយគម្រោងសាងសង់ទំនប់ទ្វារទឹកនេះ មានរយៈពេល ៤០ខែ ក្នុងនោះបានធ្វើ ប្រឡាយមេ និង ស្រោចស្រពមានប្រវែង ១២៨,៩៥គ.ម មកដល់ពេលនេះគម្រោងត្រូវអនុវត្តបានប្រវែង ៩៦គ.ម ស្មើ ៧០% ដែលជាប្រឡាយទឹកស្រោចស្រព ។ ចំពោះសំណង់សិល្បះការ ដែលមានស្ពាន ទ្វារទឹក ទំនប់បង្ហៀរ និង សំណង់ធំៗ មាន១៩១កន្លែង និង បានបញ្ចប់គម្រោង ចំនួន ៩៩កន្លែង ស្មើ ៥១% ព្រមទាំង បានបន្តធ្វើខ្សែ ប្រឡាយធំៗ ចំនួន០៤ខ្សែថែមទៀតផង ។ លោកបានបន្តឲ្យដឹងផងដែរ អំពីទំហំផ្ទៃដីអាង ដែល លិចទឹកមាន ៦០៧ហិកតា ហើយផ្ទៃអាងផ្ទុកទឹកនៅក្នុងរដូវវស្សា បាន ៩លានម៉ែត្រគូប ហើយក្នុងមួយឆ្នាំ ទាំងទឹកស្រោច ស្រព និង ទឹកស្តុបនៅក្នុងអាង មានទៅដល់២០០លានម៉ែត្រគូប ដែលមានសក្តានុពលក្នុងការស្រោចស្រពទៅ លើ១០ឃុំក្នុងស្រុកជីក្រែង មានផ្ទៃដីស្រែចំនួន ២៨ពាន់៨៥០ហិកតា ទាំងប្រាំងនិងវស្សា ។ ក្នុងងពេលបច្ចុប្បន្ន នេះ ដីស្រែដែលបានធ្វើមានតែ ២០ពាន់១៥៥ហិកតា ក្នុងនោះស្រែប្រាំងមានចំនួន ៦ពាន់ហិកតាផងដែរ ។ មានប្រសាសន៍នោះដែរឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចប្រជាជនខេត្តសៀមរាប ក៏ បានធ្វើការថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយ ក្នុងការកសាងប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា សំខាន់ខេត្តសៀមរាប ដោយបានផ្តល់នូវអ្នក បច្ចេកទេសជំនាញ ក្នុងការស្ថាបនាសាងសង់សំណង់ និង ប្រព័ន្ធ ធារាសាស្ត្រដ៏ធំមួយនៅ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ក្នុងការចូលរួ​មលើកស្ទួយវិស័យកសិកម្មកម្ពុជា និង ជួយកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ផងដែរ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានសំណូមពរ ដល់ក្រុមហ៊ុន ជួយធ្វើការពន្លឿននៃការ សាងសង់ឲ្យបានមុនរដូវវស្សាចូលមកដល់ ដោយបងប្អូនប្រជាកសិករ ទាំង១០ឃុំ បានពឹងផ្អែកទៅលើទំនប់អាងទឹកម្កាក់នេះ ក្នុងការបង្កបង្កើនផល ទាំងរដូវវស្សា និង រដូវប្រាំង ព្រម ទាំងសូមយកចិត្តទុកដាក់ ក្នុងការស្ថាបនាសំណង់ទាំងនេះ ឲ្យធានាបាននូវគុណភាពក្នុងការប្រើប្រាស់បានយូរ អង្វែង សម្រាប់ទៅពេលអនាគតផងដែរ ។ ឆ្លៀតឱកាសនោះដែរឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង និង ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជីក្រែង ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និង ថវិកា យកទៅចូលរួមក្នុងការចែករំលែកទុក្ខសោក ដល់ក្រុមគ្រួសារដែលមាន កូនស្រី អាយុ ៨ឆ្នាំបានលុងទឹកអាងម្កាក់ស្លាប់ ព្រមទាំងបានមានប្រសាសន៍ សម្តែងនូវការសោកស្តាយ ជា មួយក្រុមគ្រួសារនៃសព និង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់នឹងជើងទំនប់ម្កាក់នេះ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះកូនចៅ តូចៗ កុំឲ្យទៅលេងទឹក នឹង ប្រយ័ត្នភ្លើងផ្សែងនៅក្នុងភូមិ តាមលំនៅដ្ឋាន ដោយរដូវនេះជារដូវក្តៅ ដែលតែងងាយទទួលរងគ្រោះថ្នាក់អគ្គីភ័យជាទីបំផុត ។ ក្នុងនោះឯ.ឧបណ្ឌិត និង ក្រុមការងារ បានឧបត្ថម្ភនូវថវិកា ចំនួន ៣៥ម៉ឺនរៀល និង​គ្រឿងឧបភោគបរិភោគ ដល់ក្រុមគ្រួសារសព ដើមី្បយកទៅប្រើ ប្រាស់ ក្នុងពិធីបុណ្យសពនេះផងដែរ ៕