លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


អាជ្ញាធរខេត្តកំពុងមមាញឹកដឹកជញ្ជូនទឹកយកទៅផ្តល់ជូន ប្រជាពលរដ្ឋមួយចំនួននៅខេត្តសៀមរាប ប្រឈមនឹងកង្វះទឹកប្រើប្រាស់
បញ្ចូលអត្ថបទ ៖ vichet
2016-05-04 13:34:17

ឆ្នាំនេះគ្រោះរាំងស្ងួតបានអូសបន្លាយពេលវេលាយូរ គួបផ្សំជាមួយស្ថានភាពបម្រែបម្រួលអាកាសធាតុជាសាកលផង ដែលជាហេតុធ្វើឲ្យស្រះត្រពាំងបឹងបួរ អណ្តូងដែលជាប្រភពផ្តល់ទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់ ត្រូវគោករីងហួតស្ងួតអស់ មិននឹកស្មានដល់ ។ ប្រជាពលរដ្ឋម្នាក់វ័យជាង៥០ឆ្នាំនៅក្នុងសង្កាត់ទឹកវិលក្រុងសៀមរាបបានត្អូញ ត្អែរថា តាំងពីគាត់កើតមកក្នុងភូមិគាត់មិនដែលដាច់ទឹកទេ នេះជាលើកទី១ក្នុងជីវិតគាត់ដែលជួបប្រទះកង្វះទឹកបរិភោគនិងប្រើប្រាស់ ។ ប៉ុន្តែទោះយ៉ាងណា គាត់សម្តែងភាពត្រេកអរនិងអគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលបានគិតគូរយកចិត្តទុកដាក់ ដឹកជញ្ជូនទឹកយកមកផ្តល់ដល់ពួកគាត់ជាបន្តបន្ទាប់បានទាន់ពេលវេលា ។ ក្នុងខេត្តសៀមរាបមានស្រុកក្រុងចំនួន៥ ដែលកំពុងរងការខ្វះខាតទឹកប្រើប្រាស់តែក្នុងស្រុកទាំងនោះមិនមែនខ្វះទាំងអស់នោះទេ គឺខ្វះដោយកន្លែងៗ ក្នុងនោះមាន ក្រុងសៀមរាប ស្រុកជីក្រែង ស្រុកពួក ស្រុកបន្ទាយស្រី និង ស្រុកស្វាយលើ តាមប្រសាសន៍របស់ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តនៅរសៀលថ្ងៃទី ២៦ មេសា ម្សិលម៉ិញនេះ ក្នុងឱកាសចុះពិនិត្យ និង ចែកចាយទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។ តាមការបញ្ជាក់របស់ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង បានឲ្យដឹងថា សរុមមកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណជាង ៣ពាន់គ្រួសារហើយ បានទទួលទឹកចំនួន២ដងមកហើយ ។ ជុំវិញមូលហេតុដែលនាំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួនក្នុងខេត្តសៀមរាបខ្វះទឹក ដោយស្រះ អណ្តូងរបស់ពួកគាត់គោកហួតហែងអស់ បើផ្អែកតាមអ្នកបច្ចេកទេស គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និង ភាពរាំងស្ងួតអូសបន្លាយពេលយូរ ដោយរបាយទឹកភ្លៀងនាឆ្នាំ២០១៥មានចំនួនតិចជាងឆ្នាំកន្លងមក សំខាន់ប្រភពទឹកពីភ្នំគូលែនក៍ស្បើយ គ្មានទឹកហូរចូលទន្លេសាប ដែលជាហេតុ ឲ្យទឹកក្នុងអណ្តូង ស្រះ ជាដើមរបស់ប្រជាពលរដ្ឋ គោករីងអស់ស្មាននឹកមិនដល់ ។ ក្នុងចំណោមមូលដ្ឋានខ្វះទឹក សង្កាត់ទឹកវិលមានទំហំធំជាងឃុំ សង្កាត់ដទៃដែលខ្វះខាតទឹកប្រើក្នុងទូទាំងខេត្តសៀមរាប ។ ក្នុងសង្កាត់នេះមានប្រជាពលរដ្ឋជាង១ពាន់គ្រួសារប្រឈមនឹងកង្វះទឹក​ ហើយអាជ្ញាធរខេត្តសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរបរិស្ថានខេត្ត និង អង្គភាពរដ្ឋករទឹកស្វ័យត បានដឹកជញ្ជូនទឹកជូនពួកគាត់ក្នុងមួយថ្ងៃៗពី៥ពាន់ទៅ៩ពាន់លីត្រ​ ហើយទឹកដែលចែកជូនប្រើប្រាស់នេះសុទ្ឋតែជាទឹកស្អាត របស់រដ្ឋករទឹកស្វ័យតសៀមរាប ហើយអាជ្ញាធរខេត្តនឹងបន្តដឹកជញ្ជូនផ្តល់ទឹកជូនជាបន្តបន្ទាប់លុះដល់មានភ្លៀងធ្លាក់គ្រប់គ្រាន់ ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក្នុងឱកាសចុះពិនិត្យចែកចាយទឹកជូនប្រជាពលរដ្ឋនៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានបញ្ជាក់ជូនប្រជាពលរដ្ឋថា អាជ្ញាធរខេត្តបានគិតគូជានិច្ចមិនថាតែក្នុងក្រុងទេ នៅគ្រប់មូលដ្ឋានតាមស្រុកដែលជួបការខ្វះខាតទឹកប្រើប្រាស់ ក៍បានដាក់ឲ្យមានរថយន្តទឹកប្រចាំការនៅទីនោះ និង ចាត់បញ្ជាឲ្យអាជ្ញាធរស្រុកមើលជាប្រចាំមិនឲ្យបងប្អូន ពីព្រោះថាទឹកជាកត្តាសំខាន់សម្រាប់មនុស្សសត្វប្រចាំថ្ងៃ មិនអាចខ្វះបានឡើយ ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ចំពោះសង្កាត់ទឹកវិលនេះ ត្រូវបានឲ្យអង្គភាពរដ្ឋករទឹកស្វ័យត ធ្វើការរៀបចំដាក់រ៉ូប៊ីណេទឹកស្អាតនៅចំណុចទ្វារទឹកវិល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមកដឹកជញ្ជូនពេលណាក៍បាន ។ ក្នុងនាមអាជ្ញាធរខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ឲ្យមានការសន្សំសំចៃ ក្នុងការប្រើប្រាស់ទឹកនិងគួរស្តារអណ្តូង ស្រះរបស់ខ្លួន ដើម្បីបង្ការកង្វះទឹក ក្នុងពេលណាមួយជាយថាហេតុត្រៀមឧបរណ៍សម្រាប់រក្សាទឹកទុកបើអាចគួរជីកស្រះឬត្រពាំងស្តុកទឹកទុកព្រោះថាគ្រោះរាំងស្ងួតនិងកើតមានក្នុងឆ្នាំខាងមុខទៀតមិនខាន ៕