លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


អភិបាលខេត្តដាំកូនឈើនៅទីសួនកូនឈើអនុស្សាវរីយ៍
បញ្ចូលអត្ថបទ ៖ vichet
2016-06-27 11:10:21

នាថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ និង ក្រុមគ្រួសារ រួមទាំងបុគ្គលិកសណ្ឋាគារ បានអញ្ជើញដាំកូនឈើ ក្រញ៉ូង នៅទីសួនកូនឈើអនុស្សាវរីយ៍ ស្ថិតនៅឃុំ ឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ តាមការបញ្ជាក់របស់លោក ទា គឹមសុទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ថ្វីត្បិតតែតំបន់នេះ នៅឆ្ងាយពីទីរួមខេត្តបន្តិចក៏ពិតមែន ប៉ុន្តែវាអាចធ្វើឲ្យអ្នកទេសចរដែលបានមកដល់តំបន់នេះមានការពេញចិត្ត ពីព្រោះ​ក្រៅពីការបានឃើញដើមឈើប្រណិតៗនៅក្នុងផ្ទៃដីជាង៣ពាន់ហិកតា ភ្ញៀវទេសចរក៍អាចមើលឃើញសត្វព្រៃ មានជ្រូកព្រៃ ទន្សោង និង សត្វមួយចំនួនទៀតដែលចុះមកផឹកទឹកដោយផ្ទាល់ផងដែរ ។ លោកក៏បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះខ័ណ្ឌរដ្ឋបាលព្រៃឈើ បានកំពុងធ្វើការអភិរក្សនូវឈើពូជ និង ការចុះធ្វើសារពើភ័ណ្ឌប្រភេទឈើក្រញូង នៅលើផ្ទៃដី ៥០ហិចតា មានចំនួន ៥៧២ដើម ដែលមានមុខចាប់ពី ០,២ម៉ែត្រឡើងទៅ ព្រមទាំងបានធ្វើការដាំដុះកូនឈើឡើងវិញ នៅតាមតំបន់ដីព្រៃរីករឹល នូវកូនឈើគ្រប់ប្រភេទផងដែរ ។ ក្នុងនោះដែរឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើង ពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកនូវតំបន់ធម្មជាតិ ប្រកបដោយពណ៌ប៉ៃតង ក្នុងការរក្សានូវបរិស្ថាន បរិយាកាសបរិសុទ្ធ ក្នុងការបម្រើដល់វិស័យ ទេសចរណ៍ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ទេសចរណ៍មួយនាក់ ដើមឈើមួយដើម ។ ម៉្យាងទៀតទីតាំងនេះ គឺជាសួនកូនឈើអនុស្សាវរីយ៍ ក្នុងការបម្រើដល់ ភ្ញៀវទេសចរ ក៏ដូចគូរស្រករថ្មីថ្មោង និង ក្រុមគ្រួសារ ក្រុមហ៊ុននានាដែលមានបំណងចង់ដាំកូនឈើ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការកោតសរសើរ ពីការខិតខំរបស់មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដែល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តនូវគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្ស និង អភិវឌ្ឍន៍ នូវអំបូរពូជឈើដែលជិតនឹងវិនាសផុតពូជនៅកម្ពុជា ដើមី្បជាមរតកសម្រាប់ក្មេងៗជំនាន់ក្រោយបានស្គាល់ ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ផងដែរថា ការរៀបចំទីសួនដាំកូនឈើអនុស្សាវរីយ៍នេះ គឺជាយន្តការមួយដ៏ល្អបំផុតរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីក និង ស្តារឡើងវិញលើវិស័យព្រៃឈើ ហើយក៏ជាការពង្រីកនៃវង់ទស្សនារបស់ភ្ញៀវទេសចរ មក​កាន់តំបន់ព្រៃធម្មជាតិទៀតផង ។ ម៉្យាងទៀតខេត្តសៀមរាប គឺជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ក្រៅពីការទស្សនាកម្សាន្តនៅតាមប្រាសាទនានា ភ្ញៀវត្រូវការចាំបាច់ស្វែងរកនូវតំបន់ធម្មជាតិ ដែលគ្រាប់ដណ្តប់ទៅដោយប៉ៃតង ដែលមានបរិស្ថានបរិសុទ្ធទៀតផង ។ ក្នុងនោះដែរក៏យុវជនជនជាតិសាំងកាពូ ក៏បានផ្តល់ថវិកាចំនួន ១ពាន់ដុល្លា ដល់ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើមី្បរៀបចំធ្វើទីកន្លែងដាំកូនឈើទៀតផង ។ ម៉្យាងទៀតការដាំកូនឈើក្រញ៉ូងជាលក្ខណមហាគ្រួសារ នេះ ក៏ជាការដាស់នូវស្មារតីដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ ក្រុមហ៊ុននានា និង អង្គភាព សំខាន់យុវជនកម្ពុជា យើង ចូលរួមក្នុងការដាំដុះកូនឈើ នៅតាមតំបន់ព្រៃរីករឹល និង តាមមូលដ្ឋានខ្លួន ក្នុងការអភិរក្ស និង អភិវឌ្ឍន៍តំបន់ បៃតង ប្រកបដោយបរិស្ថានបរិសុទ្ធ ។ ក្នុងឱកាសនោះឯកឧត្ត លោកជំទាវ និង ប្រតិភូក៏បានអញ្ជើញចូលទស្សនាដើមឈើមេពូជក្រញូង ដោយឱកាសនោះឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន ព្រមទាំងផ្តាំផ្ញើដល់មន្ត្រីអភិរក្ស ក្នុងតំបន់ព្រៃឈើពូជក្រញូង របស់ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក៏ដូចរដ្ឋបាលសង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការថែរក្សាព្រៃឈើទាំងនេះឲ្យបានគង់វង្ស ដែលជាទីជម្រកសត្វព្រៃគ្រប់ប្រភេទ ហើយទីនេះក៏ជាទីកន្លែងទាក់ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្ត និង មើលសត្វព្រៃនៅក្នុងតំបន់នេះ ព្រមទាំងត្រូវមានកិច្ច សហការគ្នាឲ្យបានល្អជាមួយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ក្នុងការទប់ស្កាត់ចំពោះជនខិលខូច ដែលចូលលបលួច កាប់ព្រៃឈើ និង បបាញ់សត្វព្រៃនៅក្នុងតំបន់នេះឡើយ ពីព្រោះថាអំបូរសត្វព្រៃទាំងនេះ គឺជាប្រភពទាក់ទាញដល់ ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត ដែលជាប្រភពចំណូលរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះផងដែរ ។ ឆ្លៀតឱកាសនោះឯកឧត្តមក៏បានអញ្ជើញ ចុះទៅត្រួតពិនិត្យការសកម្ម ភាពការស្តារត្រពាំងនៅក្នុងព្រៃអភិរក្ស ដោយក្រុមកងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន សៀមរាប ដើមី្បតម្កល់ទឹកទុក សម្រាប់មនុស្ស និង សត្វគ្រប់ប្រភេទនៅក្នុងទីព្រៃអភិរក្សនេះ ប្រើប្រាស់ទាំងរដូវវស្សា និង ប្រាំងផងដែរ ។ ឯកឧត្តមក៏បានបញ្ជាក់ថា ទីតាំងជីកស្តារត្រពាំង នេះ ក៏ជាទីកន្លែងមួយសំខាន់ ទាក់ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តនូវសត្វព្រៃគ្រប់ប្រភេទ នៅ ពេលដែលហ្វូងសត្វទាំងនោះចុះមកផឹកទឹកទីនេះផងដែរ ៕