លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


សមាជិកសមាគមជនពិការអង្គរចំនួន២៧០នាក់ ទទួលបានអំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ពីកាកបាទក្រហមកម្ពុជា
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-08-17 17:57:55

ខេត្តសៀមរាប ៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី២ រួមមានគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់គ្រួសារជនពិការចំនួន ២៧០គ្រួសារ នៃសមាគមជនពិការអង្គរ ដែលមានទីតាំងស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងឱកាសសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ និងកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ជនពិការទាំងអស់ នៃសមាគម ជនពិការអង្គរ ដែល "ពិការតែកាយ តែមិនពិការចិត្ត" បានខិតខំអភិវឌ្ឍសមត្ថភាព ជំនាញ វិជ្ជាជីវៈ កសាងមុខរបរដោយសុច្ចរិត ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅ ឲ្យបានស្មើមុខស្មើមាត់ដូចមនុស្សឯទៀតដែរ ។ ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ជាសំខាន់ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់អនុវត្តគោលនយោបាយលើកកម្ពស់ជនពិការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និង ផ្តល់ឱកាសដល់ជនពិការមានលទ្ធភាព ចូលរួមក្នុងកិច្ចការសង្គម ដើម្បីអភិវឌ្ឍប្រទេសជាតិដែលមានសុខសន្តិភាព ស្ថិរភាពមួយនេះ ឲ្យបានកាន់តែរីកចម្រើនឥតឈប់ឈរ។ ជាមួយគ្នានោះ លោក សេម សុវន្ថា ប្រធានសមាគមជនពិការអង្គរ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរយកចិត្តទុកដាក់ជួយដល់ជនពិការទាំងអស់ ដែលជាជនងាយរងគ្រោះបំផុត ត្រូវការអំណោយមនុស្សធម៌ទាំងនេះជាចាំបាច់ក្នុងការជួយសម្រាលការលំបាកបានមួយរយៈពេលដែរ ។ អំណោយផ្តល់ជូនសមាគម រួមមាន ៖ អង្ករ ៥០០គីឡូក្រាម មីយើង ១០កេស ត្រីខ ១កេស ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស ទឹកត្រី ៣៦ដប ទឹកស៊ីអ៊ីវ ៣៦ដប ប្រេងឆា ១២ដប រទេះជនពិការ ១០គ្រឿង និងថវិកា ៤លានរៀល ។ ដោយឡែកសម្រាប់ ជនពិការទាំង ២៧០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥ម៉ឺនរៀល ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប