លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


កិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-08-17 20:20:35

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត សៀមរាប និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពប្រមូលចំណូលក្នុងខេត្ត មន្រ្តីនៃទីចាត់ការចំណុះរដ្ឋបាលសាលាខេត្តជាច្រើនរូបផងដែរ ។ បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន ១៥នាក់ លើ១៩រូប ដោយអវត្តមាន ៤រូប ក្នុងនោះឯកឧត្តមបណ្ឌិត នូ ផល្លា បានមានប្រសាសន៍បើកកិច្ចប្រជុំវិសាមញ្ញ ព្រមទាំងការអនុម័តទៅលើរបៀបវារៈដែលបានលើកឡើងក្នុងកិច្ចប្រជុំ ក្នុងការពិនិត្យ ពិភាក្សា និង អនុម័តលើផែនការថវិកាចំណូល ចំណាយ របស់រដ្ឋបាលខេត្តសៀមរាបឆ្នាំ២០១៨ ។ បន្ទាប់សមាជិក្រុមប្រឹក្សាខេត្តបានអនុម័តទៅលើរបៀបវារៈប្រជុំរួចមក លោក ពៅ ពិសិដ្ឋ ក៏ធ្វើការចាត់តាំងឲ្យលោក សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្តសៀមរាប អាននូវផែនការថវិកាចំណូល និង ចំណាយ របស់រដ្ឋបាលខេត្តសៀមរាបឆ្នាំ២០១៨ គម្រោងចំណូលសរុប ៥១ពាន់៥៨០លានរៀល ក្នុងនោះកើន ៦% ប្រៀបធៀប និងឥណទានចំណូល ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៧ ហើយក៏អាស្រ័យដោយចំណូលថវិការបស់ខេត្តខ្ពស់ ដោយខេត្តរកចំណូលបានពីសារពើព័ន្ធ ចំនួន៤៤ពាន់៧១៩លានរៀល កើន៤% ធៀបនិងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៧ , ចំណូលមិនមែនសារពើពន្ធៈ ៤៦១ លានរៀល កើនឡើង ២៩% ធៀបនិងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៧ , ចំណូលឧបត្ថម្ភធីថវិកាជាតិៈ ៦ពាន់៤០០លានរៀល កើនឡើង ១៦% ធៀបនិងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៧ ។ ការគ្រោងចំណាយរបស់ខេត្តនាឆ្នាំ២០១៨ សរុប៥១ពាន់៥៨០លានរៀល កើនឡើង១៩% ធៀបនិងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៧ ដោយធ្វើការចំណាយទៅលើជំពូក៦០ ជំពូក៦១ , ៦៤, ៦២ , ៦៥ ៦៣ ,៦៩ និង ជំពូក២១ ។ ក្នុងនោះដែរលោកនាយកទីចាត់ការហិរញ្ញវត្ថុ រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការបកស្រាយបំភ្លឺ នូវរាល់ចម្ងល់របស់សមាជិកក្រុមប្រឹក្សាខេត្តដែលបានលើកឡើង អំពីការចំណូល និង ចំណាយដែលពីមួយឆ្នាំទៅមួយឆ្នាំមានភាពកើនឡើង ។ បន្តមកកិច្ចប្រជុំទាំងមូលក៏បានធ្វើការពិនិត្យ និង ពិភាក្សា ធ្វើការអនុម័តទៅលើគម្រោងលើផែនការ ថវិកា ចំណូល ចំណាយ របស់រដ្ឋបាលខេត្តសៀមរាបឆ្នាំ២០១៨រួចមក មានប្រសាសន៍បូកសរុប និង បិទកិច្ចប្រជុំនោះដែរឯកឧត្តមបណ្ឌិត នូ ផល្លា បានថ្លែងអំណរគុណចំពោះការចំណាយពេលចូលរួម ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការបញ្ជាក់ដល់គណៈអភិបាលខេត្ត ត្រូវត្រៀមលក្ខណៈក្នុងការការពារលើផែនការថវិកាចំណូល និង ចំណាយរបស់រដ្ឋបាលខេត្តសៀមរាប សម្រាប់ ឆ្នាំ ២០១៨ នៅថ្នាក់ក្រសួង ដែលមានគម្រោងចំណូលសរុប ៥១ពាន់៥៨០លានរៀល ហើយខេត្តរកចំណូលបំពេញចំណាយ ឆ្នាំ២០១៨ ចំនួន ៤៦១លានរៀល ។ ឯកឧត្តមបណ្ឌិតក៏បានលើកឡើងថា ក្នុងរបៀបវារៈនាពេលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមប្រឹក្សាខេត្តទាំងអស់ ក្នុងចូលរួមក្នុងសកម្មភាពនានាជាមួយគណៈអភិបាលខេត្ត សម្រាប់ការអភិវឌ្ឍន៍ខេត្តផងដែរ។ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប