លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


មន្ត្រីស្រុកបន្ទាយស្រី៤រូបត្រូវបានប្រកាសចូលកាន់មុខតំណែង
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-10-09 21:46:14

ខេត្តសៀមរាប ៖ លោក សូរ សុន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់មុខតំណែងជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ព្រមទាំងការប្រកាសផ្ទេរ ភារកិច្ច និង ប្រគល់មុខតំណែងមន្ត្រីរដ្ឋបាលសាលាស្រុកបន្ទាយស្រីមួយចំនួនផងដែរ ។ ពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ចនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០១៧នេះ នៅសាលាស្រុកបន្ទាយស្រី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រីអភិបាលស្រុករួចមកលោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាល នៃរដ្ឋបាលសាលាខេត្តសៀមរាប បានអាននូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និង សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ក្នុងការតែងតាំង ផ្ទេរ និង ប្រគល់ភារកិច្ចដល់មន្ត្រីទាំង០៤រូបមក និងបន្ទាប់ពីគណៈអធិបតីធ្វើការប្រគល់អនុក្រឹត្យ និង សេចក្តីប្រកាសរួចមក លោក សូរ សុង ក៏បានធ្វើការប្តេជ្ញាចិត្ត បញ្ជាក់ពីការដឹកនាំបន្តនៅក្នុងអាណត្តិទី២របស់ខ្លួនផងដែរ ។ មានមតិសំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រី ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផលជាច្រើគួរជាទីមោទនភាព ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏លើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែងនេះជូនលោក សូរ សុន អភិបាលស្រុក អាណត្តិទី២ ក្នុងដែនសមត្ថកិច្ច និង លោកស្រី រឿន គីណា និង លោក ភន់ សុខុម ជាអភិបាលរងស្រុក និង លោក សោម សាមេត ជានាយករដ្ឋបាល ស្រុកបន្ទាយស្រី គឺជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុកត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់ គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំខាន់ស្រុកបន្ទាយស្រីគឺជាគោលដៅនៃភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និងកម្លាំងសមត្ថកិច្ច ដោយក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និង ចរាចរណ៍ សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម គឺត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និង ការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេង ទំនើង និង បទល្មើសផ្សេងៗជាដើម ។ ម៉្យាងទៀតក៏ត្រូវយកការទុកដាក់ ទៅលើបញ្ហាកង្វះមន្ត្រីជំនួយការនៅថ្នាក់ឃុំ សង្កាត់ ដែលត្រូវបានក្រសួងមហាផ្ទៃធ្វើការណែនាំកន្លង និង យកចិត្តទុកដាក់ចំពោះបញ្ហាការយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈក្នុងការធ្វើចរាចរណ៍ទៅមក ព្រមទាំងរក្សាឲ្យបាននូវ អនាម័យ និងបរិស្ថាន ផងដែរ ។ ម៉្យាងទៀតនៅស្រុកបន្ទាយស្រី ដោយមានឃុំភូមិមួយចំនួនស្ថិតក្នុងតំបន់អប្សរា សូមឲ្យអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ យកចិត្តទុកដាក់អំពីបញ្ហាដែលប្រជាពលរដ្ឋធ្វើអ្វីដែលផ្ទុយ និង ច្បាប់របស់អង្គការយូនេស្កូ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ។ ដើម្បីបញ្ជាក់ជាសក្ខីភាព ក្នុងការឆ្លើយតបទៅនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំក្រសួង គណៈអភិបាលខេត្ត ដែលបានផ្តល់នូវជំនឿទុកចិត្ត ចំពោះលោក លោកស្រីដែលបានតែងតាំង និង ផ្ទេរ ភារកិច្ច ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ ត្រូវខិតខំបំពេញការងារទ្វេរដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និង ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការរបស់ប្រជាជនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ។ ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ជាធរ មាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសចូលរួម អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និង គោលនយោបាយចាត់តាំង នឹងដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជួរគណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទ រដ្ឋបាលសាលាស្រុក ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះទាំង៤សម្រាប់មន្ត្រីមុខងារសាធារណៈ គឺឆន្ទៈ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និង វប្បធម៌សេវាសាធារណៈ ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព អង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន ដើម្បីវឌ្ឍនៈភាព និង ការអភិវឌ្ឍន៍ស្រុករបស់ខ្លួន ឲ្យកាន់តែមានសោភណ្ឌស្រស់បម្រោង និង រីកចម្រើនថែមទៀត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប