លេខ អាសន្ន
117 ប៉ូលីស / 666 អគ្គីភ័យ /
   119
សង្គ្រោះ
លេខទូស័ព្ទសំខាន់ៗ


ពិធីប្រកាស ផ្ទេរភារកិច្ច និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការស្រុកពួក
បញ្ចូលអត្ថបទ ៖ គួច វារីថ្លា
2017-10-11 21:08:14

ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាស្រុកពួក បានធ្វើពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ច និង ប្រគល់ភារកិច្ចដល់មន្ត្រីរាជការ សាលាស្រុកពួក ចំនួន ០៣រូប ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានក្រុមប្រឹក្សា អាជ្ញាធរស្រុក ឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង អង្គការសង្គមស៊ីវិលចូលរួមផងដែរ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានធ្វើការផ្ទេរភារកិច្ចអភិបាលរងក្រុងសៀមរាប ចំនួន១រូប ដែលត្រូវបានបញ្ចប់អាណត្តិជាអភិបាលរងស្រុក និង ប្រកាសតែងតាំង និង ប្រគល់ភារកិច្ចដល់លោក ថាន់ ហឹក មានឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឲ្យទទួលមុខតំណែងជាអភិបាលរងស្រុកពួក និង លោក សាន ណារិត ឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ ឲ្យទទួលមុខតំណែងជានាយករដ្ឋបាលសាលាស្រុកពួក និង លោក អ៊ឹង ឡាក់ ត្រូវបានបញ្ចប់អាណត្តិរបស់ខ្លួន ឲ្យទៅបម្រើការងារនៅសាលាខេត្តសៀមរាប ។ បន្ទាប់ពីគណៈអធិបតីប្រគល់សេចក្តីប្រកាស និងការធ្វើប្តេជ្ញាចិត្តរួចមក មានមតិនោះលោក ពៅ ពិសិដ្ឋ លើកឡើងថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំខាន់គឺច្រកចេញចូលតែមួយ។ លោកក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និងកម្លាំងសមត្ថកិច្ច ដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និងចរាចរណ៍ សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម ដែលត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និងការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗជាដើម ។ ម៉្យាងទៀត ក៏ត្រូវយកការទុកដាក់ ទៅលើបញ្ហាការយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈ ក្នុងការធ្វើចរាចរណ៍ និង សណ្តាប់ធ្លាប់នៅទីប្រជុំជន ព្រមទាំងរក្សាឲ្យបាននូវ អនាម័យ និង បរិស្ថាន ដោយស្រុកពួកជាតំបន់ឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត នៅតំបន់ប្រវត្តិសាស្ត្រអង្គរ ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់មន្ត្រីដែលទើបទទួលភារកិច្ចថ្មី ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និង ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការរបស់ប្រជាជនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ។ ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសចូលរួម អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និង គោលនយោបាយចាត់តាំង នឹងដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និង មន្ត្រីក្រោមឱវាទរដ្ឋបាលសាលាស្រុក ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៤សម្រាប់មន្ត្រីមុខងារសាធារណៈ គឺ ឆន្ទៈ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និង វប្បធម៌សេវាសាធារណៈ ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព អង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន ដើម្បីវឌ្ឍនៈភាព និង ការអភិវឌ្ឍន៍ស្រុករបស់ខ្លួន ឲ្យកាន់តែមាន សោភណ្ឌភាពស្រស់បម្រោង និង រីកចម្រើនថែមទៀត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប