
លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត មានប្រសាសន៍ថា៖ ខេត្តសៀមរាបមានក្រុង-ស្រុកចំនួន៦ ជាប់នឹងបឹងទន្លេសាប មានព្រៃលិចទឹកប្រវែងជិត ២០០គីឡូម៉ែត្រ ខណៈក្រុងសៀមរាបមានព្រៃលិចទឹកប្រវែងជិត ៣០គីឡូម៉ែត្រ ហើយថ្មីៗនេះ មានបងប្អូនប្រជាពលរដ្ឋចំនួន ១ ២៨៣គ្រួសារ បានស្ម័គ្រចិត្តប្រគល់ជូនដល់រដ្ឋបាលខេត្តនូវដីព្រៃលិចទឹកដែលពួកគាត់បានកាប់ទន្ទ្រាននាពេលកន្លងមក ចំនួន ២ ៥៣១ហិកតា ដែលសកម្មភាពនេះ បង្ហាញឱ្យឃើញពីការយល់ដឹងរបស់ពួកគាត់ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលរងខេត្ត បានបន្ថែមថា៖បន្ទាប់ពីបានដកហូតនូវផ្ទៃដីព្រៃលិចទឹកមក រដ្ឋបាលក្រុង-ស្រុកទាំង៦ ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប បានរៀបចំការដាំកូនឈើប្រភេទឈើលិចទឹក និងដាំត្នោតជាបន្តបន្ទាប់ដើម្បីស្ដារគម្របព្រៃលិចទឹកឡើងវិញ បង្កើតជំរកសម្រាប់មច្ឆជាតិពងកូន និងបង្កើននូវជីវចម្រុះសម្រាប់តំបន់បឹងទន្លេសាប ដូច្នេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរខេត្ត សូមណែនាំ និងជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវពង្រឹងនូវការការពារព្រៃលិចទឹកក្នុងតំបន់៣នេះឱ្យខាងតែបាន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការទប់ស្កាត់ ការបង្ក្រាប និង ការរុករានកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងភូមិសាស្ត្របឹងទន្លេសាប ។
ឯកឧត្តម សូ ខនរិទ្ឋីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ ជារួមគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានដកហូត និងប្រមូលមកវិញនូវផ្ទៃដីតំបន់៣ ក្នុងភូមិសាស្ត្របឹងទន្លេសាប ដែលគិតមកដល់បច្ចុប្បន្ននេះ បានធ្វើការដកហូតយកមកវិញនូវដីព្រៃលិចទឹកក្នុងតំបន់៣ នៃភូមិសាស្ត្របឹងទន្លេសាប ប្រមាណជា ៥ម៉ឺនហិកតាហើយ ក្នុងនោះខេត្តកំពង់ឆ្នាំបានប្រហែលជា ៣ម៉ឺនហិកតា។
ឯកឧត្តម មានប្រសាសន៍ទៀតថា បឹងទន្លេសាប ជាបឹងធម្មជាតិមួយដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ទុកថា ជាបេះដូងនៃប្រទេសកម្ពុជា ដែលបានផ្ដល់ភោគផល យ៉ាងសំបូរបែបដល់ប្រជាជនកម្ពុជា វាមានវិសាលភាពដូចទៅនឹងកូនសមុទ្រទឹកសាបមួយ ដោយនៅរដូវប្រាំងផ្ទៃបឹងរួមតូចត្រឹម ២ ៧០០គីឡូម៉ែត្រក្រឡា និងនៅរដូវវស្សាផ្ទៃបឹងមានរហូតដល់ ១៦ ០០០ គីឡូម៉ែត្រក្រឡា ដូច្នេះបឹងទន្លេសាបបានពង្រីកខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់រនាម ដែលនៅជុំវិញនឹងបង្កលក្ខណៈអនុគ្រោះ ឲ្យត្រីពង កូន និងធំធាត់នៅតាមព្រៃរនាមទាំងនោះ ហេតុនេះ ការចូលរួមដាំកូនឈើពីគ្រប់មជ្ឈដ្ឋាននេះ គឺជាការរួមចំណែក អភិរក្សនិងការពារធនធានធម្មជាតិ សម្រាប់យើង និងកូនចៅយើងទាំងអស់គ្នា ហើយការដាំស្តារព្រៃលិចទឹកក្នុងតំបន់៣នេះដែរ ក៏គឺជាការរួមគ្នាជួយឱ្យព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប មានភាពបៃតង និងធានាបាននូវនិរន្តរភាពនៃជីវចម្រុះសម្បូរបែប សម្រាប់ជាជំរកដល់មច្ឆជាតិពងកូន ៕
+33
មតិ 1
ចែករំលែក 11
ចូលចិត្ត
មតិ
ចែករំលែក