
ឯកឧត្តម ទៀ សីហា បានសម្តែងនូវមោទកភាព និងកោតសរសើរចំពោះការចូលរួមរបស់ផ្នែកឯកជនសម្រេចលេចចេញនូវសមិទ្ឋផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ដែលនេះបានបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាក្នុងខេត្តសៀមរាបឱ្យកាន់តែមាន ភាពរីកចម្រើនឈានឡើង ដែលមិនត្រឹមតែបំរើវិស័យកីឡាជូន បងប្អូនប្រជាជនក្នុងខេត្តប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់សេវានេះដល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិថែមទៀតផងដែរ។
ឯកឧត្តម អភិបាលខេត្ត បន្ថែមថាក្នុងរយៈពេលចុងក្រោយនេះ វិស័យកីឡានៅកម្ពុជា ក៏ដូចជាខេត្តសៀមរាបមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយគ្នានេះ កីឡាទេសចរណ៍ ត្រូវបានប្រទេសក្នុងតំបន់អាស៊ាន ចាត់ទុកថាជាផលិតផលថ្មីមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរ នៅលើពិភព-លោក ឱ្យចូលមកកម្សាន្តនៅតំបន់របស់ខ្លួន ក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗ។ កីឡាទេសចរណ៍ បានក្លាយជាយុទ្ធសាស្រ្តថ្មីនៅក្នុងតំបន់អាស៊ាន ដែលត្រូវជំរុញឲ្យមានយកចិត្តទុកដាក់ ពីព្រោះទេសចរណ៍កីឡា គឺជាទីផ្សារថ្មីមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកទស្សនាកម្ពុជា ក៏ដូចជាខេត្តសៀមរាប កាន់តែច្រើនឡើងថែមទៀត។ ប្រទេសកម្ពុជា ក៏មានសក្តានុពលក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍ធំៗផងដែរ។ ពាក់ព័ន្ធនឹងកិច្ចការនេះ រដ្ឋបាលខេត្ត តែងតែសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ រៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន ជារៀងរាល់ឆ្នាំ ដែលតែងរៀបចំនៅខេត្តសៀមរាប។
ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានបង្ហាញនូវក្តីសោមនស្សសាទរជាមួយសមិទ្ឋផលថ្មីដែលប្រកបដោយស្តង់ដារទំនើប និងមានផាសុខភាព។ ឯកឧត្តម បានបន្តថាសហព័ន្ឋតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកនូវចំណងសាមគ្គីភាពរវាងក្លឹបសម្ព័ន្ឋវាយសី និងសហព័ន្ឋពីកន្លែងមួយទៅកន្លែងមួយពីខេត្តមួយទៅខេត្តមួយឱ្យកាន់តែមានភាពជិតស្និទ្ឋ និងសហការសាមគ្គីគ្នាបានល្អដើម្បីបង្កើនការប្រកួតក្នុងឆ្នាំនីមួយៗឲ្យកាន់តែមានចំនួនកើនទ្វេដង។ ឯកឧត្តម លី កុសល ក៏បានជំរុញដល់អ្នកទាំងអស់គ្នាប្រឹងប្រែងក្តាប់ឱកាសឱ្យជាប់ដើម្បីដណ្តើមយកជ័យជម្នះ ដើម្បីភាពខ្លាំង និងមោទកភាពជូនជាតិមាតុភូមិ ថ្វីត្បិតតែអង្គការកីឡាជាអង្គភាព អព្យាក្រិតមិនប្រកាន់សាសនានយោបាយពណ៌សម្បុរអ្វីឡើយ ហេតុនេះមិនមានធនធានថវិកាពេញលេញនោះទេ មានតែបណ្តាក្លឹបសហព័ន្ឋត្រូវចេះចលនាកៀរគររកប្រភពចំណូលពីការគាំទ្រឧបត្ថម្ភរបស់សប្បុរសជន និងស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេសដើម្បីបំរើឱ្យជំនាញ ទើបទទួលបានេជោគជ័យ និងការអភិវឌ្ឍឆាប់រហ័ស។
សូមបញ្ជាក់ថា សម្ព័ន្ឋកីឡាវាយសីខេត្តសៀមរាបបានរៀបចំការប្រកួតវាយសីរយៈពេលពីរថ្ងៃពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ដោយមានកីឡាករ កីឡាការិនីចំនួន ១៥៤នាក់ មកពីសម្ព័ន្ឋនានាចំនួន ១៨ក្លឹប និងប្រតិភូដឹកនាំផងសរុបចំនួន១៩៩នាក់ ។ ជាលទ្ឋផល គូរពិសេសផ្នែកបុរសអាយុ៣៥ និងអាយុ៥០ឆ្នាំឡើង ចំណាត់ថ្នាក់លេខ១ ទទួលមេដាយមាសបានទៅលើ កីឡាករ សោម សមសក្តិ និងកីឡាករ ឡាវ ជា មកពីក្លឹបកីឡាវាយសី SBC ខេត្តសៀមរាប គូពិសេសផ្នែកបុរសអាយុ៥០ឆ្នាំឡើង ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅលើកីឡាករ រស់ អ៊ិនសុផលនិងកីឡាករ ហែម ម៉ានិត មកពី ក្លឹបកីឡាវាយសី SBC ខេត្តសៀមរាប ។ គូរពិសេសផ្នែកបុរស អាយុ ៤០ដល់ ៤៩ឆ្នាំឡើងចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅកីឡាករ ដែន ទិត្យរស្មី និង កីឡាករ សំ រតនា មកពីក្លឹបកីឡាវាយសីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។គូរបុរសអាយុ ១៩ឆ្នាំឡើង ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅកីឡាករ ទេព ច័ន្ទម៉ារ៉ា និងកីឡាករ យ៉ាន កុសល មកពីក្លឹបកីឡាក្រសួងមហាផ្ទៃ។ គូរបុរសអាយុក្រោម១៨ឆ្នាំ ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅ កីឡាករ សុខ រីករាយ និងកីឡាករ រាជ សុផានិត មកពីក្លឹបកីឡាវាយសី SBC ខេត្តសៀមរាប។ គូរយុវជនអាយុក្រោម ១៦ឆ្នាំ ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅ កីឡាករ រាជ្រ សុផានិត និងកីឡាករ ហាក់ ម៉ានិត មកពីសម្ព័ន្ឋកីឡាវាយសីខេត្តស្វាយរៀង និង វាយគូចម្រុះមិនគិតអាយុ ចំណាត់ថ្នាក់លេខ១មេដាយមាស បានទៅកីឡាការិនី សុខ សុម៉ាលីតា និងកីឡាករ វ៉ាត វណ្ណធន មកពីក្លឹបកីឡាវាយសីSBC ខេត្តសៀមរាប៕