
ឆ្លងតាមពិភាក្សាលើរបៀបវារៈដែលបានគម្រោងទុក ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣នេះ សមាជិកក្រុមប្រឹក្សាខេត្ត បានផ្តោតសំខាន់ទៅលើបញ្ហា ផ្លូវនៅតាមជនបទ និង នៅក្នុងតំបន់អាជ្ញាធរជាតិអប្សរាគ្រប់គ្រង ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ព្រមទាំងបញ្ហាមែកឈើងាប់នៅតាមដងផ្លូវ ។ ម្យ៉ាងទៀតក៏បានលើកនូវសំណូមពររបស់អាជ្ញាធរស្រុក ដោយលើកឡើងអំពីបច្ចេកទេសរបស់មន្ទីរជំនាញពាក់ព័ន្ធបញ្ហាខូចផ្លូវមួយខ្សែពីស្រុកអង្គរធំទៅដល់ឃុំស្វាយសរ ស្រុកវ៉ារិនប្រវែង៤៨គីឡូម៉ែត្រ និង ផលប៉ះពាល់ផ្លូវពីស្រុកពួក ទៅស្រុកអង្គរជុំ ដែលបង្កឡើងដោយរថយន្តធំៗដឹកជញ្ជូនលើសទម្ងន់ខុសពីបទដ្ឋានផ្លូវជនបទ។
នាឱកាសនេះដែរ ឯកឧត្តម ទៀ សីហា ក៏បានសំណូមពរដល់ ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ទិសដៅរបស់រដ្ឋបាលខេត្ត សម្រេចឲ្យបានជោគជ័យ កត្តាសំខាន់ដែលត្រូវអនុវត្តជាប្រចាំនោះ គឺការប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ដោយបន្តអនុវត្តនូវ វិធានការ ៣កុំ ៣ការពារ និង ការណែនាំរបស់ក្រសួងសុខាភិបាល នូវវីរុសបម្លែងថ្មី (អូមីក្រុង) ដែលបានដើរទន្ទឹមគ្នា ក្នុងពេលការបើកឡើងវិញនូវវិស័យទេសចរណ៍។ ឯកឧត្តមបានបន្តទៀតថា ក្រោយពេលការបើកដំណើរការហោះហើរឡើងវិញ ខេត្តសៀមរាបបានធ្វើឲ្យសន្ទុះភ្ញៀវទេសចរបរទេសដំណើរការឡើងបានជាបង្គួរ ។ ក្នុងនោះឯកឧត្តមក៏បានលើកពីបញ្ហាសហជីពមួយចំនួន ដែលមិនទាន់យល់ពីការបង់ពន្ធ ការចុះបញ្ជី និង ការសុំអាជ្ញាប័ណ្ណ និង ច្បាប់សំណង់ ហើយរដ្ឋបាលខេត្តនៅតែបន្តធ្វើការណែនាំ និង ឈានទៅធ្វើការផាកពិន័យផងដែរ ។
ឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់ថាលទ្ធផលដែលបានលើកឡើងខាងនេះ គឺបានពីការខិតខំប្រឹងប្រែង និងភាពឈ្លាសវៃរបស់ឯកឧត្តម លោកជំទាវគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និង រដ្ឋបាលក្រុង ស្រុក បានបំពេញការងារយ៉ាងសកម្ម ដោយមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ។ ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត និងជំនួសមុខឲ្យសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីរាជការក្នុងខេត្ត អាជ្ញាធរក្រុង ស្រុកទាំង១២ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីភារកិច្ច តាមជំនាញ និងបានជំនះរាល់ការលំបាក ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលមានក្នុងខេត្ត ដើមី្បបំពេញនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។
ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្នខេត្តសៀមរាប បានកំពុងតែធ្វើការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ដោយមានការកែលម្អរសោភណ្ឌភាពក្នុងក្រុង ក៏ដូចនៅតាមតំបន់រមណីយដ្ឋានប្រាសាទអង្គរ សំដៅធ្វើឲ្យខេត្តប្រវត្តិសាស្ត្រមួយនេះ ធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឡើងវិញ ក្នុងបរិបទកូវីដ-១៩ ចូលមកទស្សនាកម្សាន្ត និង ត្រូវចេះសម្របខ្លួនរស់នៅតាមគន្លងបែបថ្មី នៃកូវីដ-១៩ ដោយ បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និង ការណែនាំរបស់ក្រសួងសុខាភិបាល ៕