
តាមរបាយការណ៍របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប បានប្រព្រឹត្តទៅរយៈពេល ០១ ថ្ងៃកន្លះ អង្គសន្និបាតបានធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទចំនួន ៤
សំខាន់ៗ ដើម្បីធ្វើការពិភាក្សានិងស្វែងរកធាតុចូល ព្រមទាំងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំបន្ទាប់។ ផ្អែកតាមការពិភាក្សា អង្គសន្និបាតទាំងមូល បានធ្វើការវាយតំលៃខ្ពស់ចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិ រក្សាការពារ សុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ឯកឧត្តម អភិបាលខេត្តបានបន្តថាការដាក់ចេញគោលការណ៍ វិធានការនានា បានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង ឆ្លើយតបបានចំពោះ ជំងឺកូវីដ-១៩ ដែលបានរាតត្បាតជាសកល ដើម្បីសង្គ្រោះ ការពារអាយុជីវិតប្រជាជន និងការពុះពារជម្នះ ដោះស្រាយ បញ្ហាប្រឈមនានា បណ្ដាលមកពីវិបត្តិជំងឺនេះ ទប់លំនឹងសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយបានបើកប្រទេសឲ្យដំណើរការឡើងវិញ ដោយពេញលេញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានការរីកចម្រើន ទៅមុខជាបន្តបន្ទាប់។ ក្នុងបរិបទនៃជំងឺកូវីដ-១៩ អាជ្ញាធរ បានបង្កើនកិច្ចសហការ ជាមួយកម្លាំងមានសមត្ថកិច្ចនានា ក្នុងក្របខណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ខិតខំ រក្សាការពារ បាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងការទប់ស្កាត់អំពើភេរវកម្ម និងការខិតខំប្រឹងប្រែងគ្រប់គ្រង សភាពការណ៍ផ្ទៃក្នុង ទប់ស្កាត់ក្រុមជ្រុលនិយម និងពួកអគតិនានា ក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរលំរាជរដ្ឋាភិបាល ព្រមទាំងសហការស្រាវជ្រាវបង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងខេត្ត។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប សូមសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួ នាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះស្រាយ ក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានដាបន្តបន្ទាប់ ជាពិសេសការចូលរួម ទប់ ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត សៀមរាបផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ បង្កលក្ខណសម្បត្តិដល់ការបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យ ហើយក្រសួងស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាពពេញលេញទៅតាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។
ផ្អែកលើបញ្ហាប្រឈមជាសកលខាងលើនេះ និងផ្អែកតាមទិសដៅការងារឆ្នាំ២០២២ ដែលបានឯកភាពគ្នាក្នុងអង្គសន្និបាតនេះ សម្តេចពិជ័យសេនា បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះ សំខាន់ៗចំនួន ៨ចំណុច រួមមាន ១-ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ២-ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៣-ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី ៤-ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ៥-ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ៦-ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ៧-ការពង្រឹងការអនយវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងការទប់ស្កាត់នឹងជំងឺកូវីដ-១៩ និង៨-ការពង្រឹងរបៀបរបបការងារ៕