រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីបើក “ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន” នៅខេត្តសៀមរាប

  • 9
  • ដោយ vannak

នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន” នៅសណ្ឋាគារអង្គរអឺរ៉ា ខេត្តសៀមរាប និងបានប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (Wang WenBin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក ងូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម-លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ និងតំណាងក្រសួងពាក់ព័ន្ធ ឯកឧត្តម-លោកជំទាវជា ឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត និង ភាគីពាក់ព័ន្ធ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន ភ្ញៀវចំនួនប្រមាណ ៨០០នាក់។

ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិននាឱកាសនេះ មានស្តង់សរុបចំនួន ១០០ មកពី ១០០ក្រុមហ៊ុនជាអ្នកលក់ និងមានការចូលរួមពីអ្នកទិញមកពីប្រទេសចិនចំនួន ៥០នាក់ និងបណ្តាញសារព័ត៌មានចិនចំនួន ១០ និងកម្ពុជាចំនួន ១២ ព្រមទាំងបុគ្គលមានឥទ្ធិពលក្នុងបណ្តាញសង្គមជាច្រើននាក់។ ក្នុងរយ:ពេលនៃពិព័រណ៍ខាងលើត្រូវបានរំពឹងថានឹងមានយ៉ាងតិច ៣០០ជំនួបធុរកិច្ច និងពាណិជ្ជកម្មរវាងក្រុមហ៊ុនអ្នកលក់មកពីប្រទេសចិន និងក្រុមហ៊ុនអ្នកទិញនៃប្រទេសកម្ពុជាក្នុងការជំរុញការលក់កញ្ចប់ទេសចរណ៍ និងការវិនិយោគរវាងកម្ពុជា-ចិន។

ការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងជាច្រើន របស់ក្រសួងទេសចរណ៍ ដោយមានកិច្ចសហការល្អជាមួយអន្តរក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថានឯកអគ្គរាជទូត/ស្ថានឯករដ្ឋទូតបរទេសប្រចាំនៅកម្ពុជា ស្ថានឯកអគ្គរាជទូតកម្ពុជា/ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស ដៃគូអភិវឌ្ឍ ជាពិសេសការចូលរួមដ៏សំខាន់របស់វិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក បានជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យមានការរីកចម្រើនគួរជាទីកត់សម្គាល់។

អត្ថបទទាក់ទង