ដេីម្បីរក្សាវប្បធម៌ប្រពៃណីពីបុរាណ និងទាក់ទាញភ្ញៀវទេសចរអន្តជាតិ ក៏ដូចជាការផ្សព្វផ្សាយឱ្យមានការយល់ដឹង អំពីការច្រូត ស្រូវ បោក ស្រូវ បែនស្រូវតាមប្រពៃណីខ្មែរ និងការប្រេីប្រាស់ឧបករណ៍បុរាណ ខ្មែរ។ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំខេត្ត បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១០០នាក់បានចូលរួមពិធីស្នាមញញឹមភូមិខ្ញុំ ដេីម្បីចូលរួមច្រូត ស្រូវ បោក ស្រូវ បែនស្រូវតាមប្រពៃណីខ្មែរ ដោយប្រេីប្រាស់ឧបករណ៍បុរាណ ខ្មែរ ដាល់អំបុក និងដុតក្រឡាន ធ្វើនំជាដើមស្ថិតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ការបង្កើតកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ”នាពេលនេះ គឺចង់រំឭកអនុស្សាវរីយ ច្រូតស្រូវ បោកស្រូវ បែនស្រូវ និងបញ្ជាន់ស្រូវ ព្រមទាំងដាល់អំបុកជុំគ្នា តាមបែបប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរ និងនឹកដល់ជីវភាពសុខសាន្ត នៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលបញ្ជាក់ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា។ ការប្រមូលផលបែបបុរាណដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្តអាជ្ញាធរស្រុកឃុំ រួមជាមួយភ្ញៀវទេសចរណ៍បរទេស បងប្អូនប្រជាកសិករយ៉ាងច្រើន។ ម្យ៉ាងទៀត បើក្រឡេចមើលតាមបែបជាក់ស្ដែងការប្រមូលផលស្រូវតាមបែបបុរាណគឺពិបាកខ្លាំងណាស់ ព្រោះត្រូវប្រើកម្លាំងមនុស្ស និងកម្លាំងសត្វទាំងស្រុងមិនដូចការធ្វើកសិកម្ម នៅសម័យទំនើបនេះទេ ដែលមានគ្រឿងចក្រជួយសម្រួលដល់កម្លាំងមនុស្សបានច្រើនផងដែរ។
ស្នាមញញឹមភូមិខ្ញុំ ត្រូវបានរៀបចំក្រោមកិច្ចសហការរវាងលោក ចែម ចាន់រ៉ា(ហៅពាក់មី) ជាមួយរដ្ឋបាលខេត្ត និង លោក សូត្រ សូរ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដោយមានការឧបត្ថម្ភគាំទ្រពីវិស័យឯកជនផងដែរ។ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណចំពោះលោក ចែម ចាន់រ៉ា(ហៅពាក់មី) និងលោក សូត្រ សូរ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំដែលបានរៀបចំកម្មវិធីប្រព្រឹត្តទៅបានរលូន និងជោគជ័យតាមការគ្រោងទុក។