ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក លី សារី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយលោក Benjamin M.Z. Tai គណៈប្រធានតំបន់អាស៊ីរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។
លោក Benjamin M.Z. Tai គណៈប្រធានតំបន់អាស៊ីរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានសម្ដែងមនោសញ្ចេតនារីករាយបំផុត ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ថ្នាក់ដឹកនាំខេត្ត និងសហការី នៃរដ្ឋបាលខេត្ត។ នៅក្នុងកិច្ចជំនួបនោះផងដែរ ភាគីប្រតិភូបានធ្វើបទបង្ហាញអំពីសកម្មភាពសប្បុរសធម៌នានា ដែលបានធ្វើនៅក្នុងខេត្តសៀមរាប និងបានធ្វើបទបង្ហាញពីគម្រោងសាងសង់អគារវះកាត់ជំងឺបេះដូង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដោយគម្រោងខាងលើ បានឆ្លងកាត់ការសិក្សា និងវាយតម្លៃដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច នឹងត្រៀមចាប់ផ្ដើមបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ។
លោក លី សារី អភិបាលរងខេត្ត បានសម្ដែងនូវក្ដីរំភើបរីករាយក្រៃលែង និងបានលើកយោបល់គាំទ្រចំពោះគម្រោងខាងលើ ដោយសង្ឃឹមថានឹងអាចដំណើរការបានយ៉ាងរលូន និងទទួលបានជោគជ័យ។ លោកអភិបាលរងខេត្ត ក៏បានបន្ថែមទៀតថា នេះក៏ជាសមិទ្ធផលថ្មីមួយ ដើម្បីជួយដោះស្រាយដល់វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត។ លោកអភិបាលរងខេត្ត និង លោក Benjamin M.Z. Tai គណៈប្រធានតំបន់អាស៊ីរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សង្ឃឹមថានឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមករវាងគ្នា ហើយនឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែល្អប្រសើរ។