រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីការអនុវត្ដឧបករណ៍សារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់សម្រាប់អនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ

  • 13
  • ដោយ vannak

ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋារគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជេីញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីការអនុវត្ដឧបករណ៍សារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់សម្រាប់អនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម ស៊ុំ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រក្រសួងបរិស្ថាន លោក សុខ ឃីម តំណាងអង្គការអុកស្វាមកម្ពុជា លោក លោកស្រី សមាជិក-សមាជិកាអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ តំណាងមកពីក្រសួង-ស្ថាប័ន គ្រឹះស្ថានអប់រំ អង្គការដៃគូ និងវិស័យឯកជន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណេីរ។

លោក យុន លីនណេ អភិបាលរងខេត្ត មានប្រសាសន៍ថាយើងទាំងអស់គ្នាដឹងថា បញ្ហាប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកលមួយ ដែលតម្រូវឱ្យមានសកម្មភាពជាបន្ទាន់សម្រាប់ធ្វើការឆ្លើយតប។ កម្ពុជា ជា ប្រ ទេស ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ប៉ុន្តែកម្ពុជា បានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ខេត្តសៀមរាប ដែលជាទឹកដីនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងជាមជ្ឈមណ្ឌលវប្បធម៌ និងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏ជាខេត្តមួយស្ថិតក្នុងចំណោមខេត្តដ៏ទៃទៀតដែរ ដែលងាយរងគ្រោះទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបានគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ បេតិកភណ្ឌវប្បធម៌ កសិកម្ម និងជីវភាពរស់នៅរបស់អ្នកស្រុកសៀមរាប។

ជាមួយគ្នានេះផងដែរ លោកបានកត់សម្គាល់ថាបញ្ហាបរិស្ថានរួមមាន ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ទឹកកខ្វក់ ការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងជីវៈចម្រុះ និងការអភិវឌ្ឍវិស័យ កសិកម្ម ជាពិសេសការគ្រប់គ្រង់ប្រព័ន្ធទិន្នន័យសម្រាប់វិស័យដូចបានជម្រាបជូនខាងលើក្នុងខេត្តសៀមរាប នៅតែជាបញ្ហាចម្បងដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសំដៅធានាបាននូវការធ្វើឱ្យប្រសើរឡើងនូវគុណភាពបរិស្ថាន ជីវភាពរស់នៅរបស់ប្រជាជន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង ការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ ជីវៈចម្រុះ និងការអភិវឌ្ឍវិស័យកសិកម្មនិងដើម្បីធ្វើឱ្យប្រសើរនូវការគ្រប់គ្រងប្រព័ន្ធទិន្នន័យពីវិស័យពាក់ព័ន្ធ ពិសេសការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សិក្ខាសាលាបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្តល់នូវចំណេះដឹងបន្ថែមជូនដល់ឯកឧត្តម លោក លោកស្រី និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ក្នុងការពង្រឹងការទទួលខុសត្រូវ និងអនុវត្តឱ្យបានពេញលេញនូវការងារប្រចាំថ្ងៃរបស់ខ្លួន។

លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន អង្គការអុកស្វាម និងដៃគូអភិវឌ្ឍន៍ ដែលបានជ្រើសរើសខេត្តសៀមរាបសម្រាប់រៀបចំឱ្យមានសិក្ខាសាលាបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង និងសូមសម្តែងការកោតសរសើរចំពោះក្រុមការងារ ក្រសួងបរិស្ថាន ជាពិសេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ដែលបានសម្របសម្រួល និងរៀបចំអោយព្រឹត្តិការណ៍នេះឡើង។ ជាមួយគ្នានេះផងដែរ លោកក៏សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីជំនាញទទួលបាននូវចំណេះដឹង និងចំណេះធ្វើ ដើម្បីយកទៅអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

អត្ថបទទាក់ទង