ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ បំផុតចំពោះ ឯកឧត្តម វង្សី វិស្សត់ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក្នុងឱកាសអបអរសាទរបុណ្យចូល ឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនាភក្តីភាពដ៏ស្មោះ ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលឯកឧត្តម បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី នាមជា សេនាធិការរបស់រាជរដ្ឋាភិបាល លើការងារពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ធានារក្សាការពារបានយ៉ាងរឹងមាំនូវ អធិបតេយ្យភាព សុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់។
ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរព ប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ វិបុលភាព ស្ថិរភាព និងភាពសម្បូរសប្បាយជានិរន្តរ៍ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។