សិស្សប្រឡងជាប់និទ្ទេសAចំនួន២២១នាក់ បានទទួលម៉ូតូ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានាចុងសប្តាហ៍ រសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភបាលខេត្តបានអមដំណេីរឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាមបានអញ្ជេីញចូលរួមពិធីប្រគល់ម៉ូតូដល់សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ ដែលទទួលបាននិទ្ទេសAចំនួន២២១នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា វិស័យអប់រំយុវជនខេត្តសៀមរាបក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ មានបេក្ខជនដែលបានមកប្រឡងចំនួន១០ពាន់៧៣៦នាក់ ស្រី៦ពាន់២៥៧នាក់ ក្នុងនោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន៩ពាន់១២៥នាក់ ស្រី៥.៥០៤នាក់ ក្នុងនោះសិស្សទទួលបាននិទ្ទេស Aចំនួន២២១នាក់ ស្រី១២២នាក់ , និទ្ទេស B ចំនួន៨៦៤នាក់, និទ្ទេស Cចំនួន២០៧១នាក់, និទ្ទេស D មានចំនួន៣.២៩៨នាក់ និង និទ្ទេស E មានចំនួន២.៦៧១នាក់។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការអបអរចំពោះក្មួយៗ ចៅៗជាសិស្សានុសិស្សខេត្តសៀមរាប ដែលបានប្រឡងទទួលបាននិទ្ទេសA ទាំង២២១នាក់ និងបានវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន ព្រមទាំងការចូលរួមអប់រំរបស់មាតាបិតា អាណាព្យាបាលកូនរបស់ខ្លួនធ្វើឱ្យទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ សម្តេចបានបញ្ជាក់ថា លទ្ធផលរបស់ចៅៗពេលនេះ ពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ចៅៗ និងការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និង តួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និង ផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់ក្មួយៗ ជាសំខាន់មាតាបិតា និងអាណាព្យាបាល ដើម្បីជួយឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រ ។
សម្ដេច ពិជ័យសេនា បានគូសបញ្ជាក់ថា កត្តាទាំងនេះដែលធ្វើឱ្យយេីងត្រូវដឹងគុណ និង អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និង ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ។ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួបលើកទី២៦ នៃ«ទិវាសន្តិភាពនៅកម្ពុជា» ដែលរហូតមកដល់ពេលនេះ ប្រទេសជាតិយើងបានទទួលសុខសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យរយៈពេល២៦ឆ្នាំ ចាប់តាំងពីចុងឆ្នាំ១៩៩៨ ដែលសន្តិភាពនេះបានមកដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស។ សម្តេចបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើន ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជាត្រូវឈរលើសក្តានុពលដែលខ្លួនមាន និងបោះជំហានឲ្យទាន់ប្រទេសនៅក្នុងតំបន់ និង បរិការណ៍សកលលោក ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និង សន្តិភាពរបស់ប្រទេស។
សម្ដេចពិជ័យសេនាបានប្រគល់លិខិតថ្លែងអំណរគុណដល់សប្បុរសជន និង ម៉ូតូជានិមិត្តរូបដល់សិស្សនិទ្ទេសAទាំង២២១នាក់ និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ឯកឧត្តមអភិបាលខេត្ត បានប្រគល់លិខិតសរសើរដល់សិស្សជាប់និទ្ទេសA និង លោកគ្រូអ្នកគ្រូផងដែរ
