នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ខេត្ត(គ.វ.រ.) បានសម្របសម្រួលជូនក្រុមការងារបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ដំណាក់កាលចុះពិនិត្យ និងវាយតម្លៃដំណាក់កាលសម្រេចចុងក្រោយ នៅសាលាមត្តេយ្យសិក្សាធនធានអង្គរ ដឹកនាំដោយ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងប្រធានគណៈប្រតិភូដឹកនាំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: និងជាប្រធាន គ.វ.ជ. និងគណៈប្រតិភូ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធាន គ.វ.រ. តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គ.វ.រ. លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិក គ.វ.រ. លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុងសៀមរាប ចៅសង្កាត់សាលាកំរើក មេភូមិ នាយិកាសាលា អ្នកគ្រូនៃសាលាមត្តេយ្យសិក្សាធនធានអង្គរ និងអ្នកពាក់ព័ន្ធនានា។
ការវាយតម្លៃនេះ ដើម្បីពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យគោលទាំង៨ សម្រាប់ការវាយតម្លៃនិងការទទួលស្គាល់បេក្ខភាពផ្ដល់សេវសាធារណៈគំរូ និងដើម្បីបន្តស្វែងរកចំណាត់ថ្នាក់top5 មានដូចខាងក្រោម៖ ១. ស្ដង់ដាសេវាសាធារណៈ ២. ស្ដង់ដាឬនិយាមនៃការផ្ដល់សេវាសាធារណៈសម្រាប់អង្គភាព ៣. ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ៤. ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ៥. ការរៀបចំ និងកែលម្អបរិស្ថានក្នុងអង្គភាព ៦. ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ៧. ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងសហគមន៍ ៨. ការផ្ដួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការល្អប្រសើរ។
