សន្និបាតរបស់រដ្ឋបាលខេត្តសៀមរាបបានប្រព្រឹត្តទៅរយៈពេល១ថ្ងៃកន្លះ និងបានប្រារព្ធពិធីបិទនាថ្ងៃទី២១ខែមករាឆ្នាំ២០២៥ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គសន្និបាតចំនួនជាង៧០០នាក់។
ឯកឧត្តម ប្រាក់ សោភ័ណ សន្និបាតនេះជារបៀបវារៈការងារមួយដ៏សំខាន់ និងតែងតែបានរៀបចំឡើងជារៀងរាល់ឆ្នាំស្របតាមគោលការណ៍ណែនាំដែលបានកំណត់ ដើម្បីរដ្ឋបាលខេត្តធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលការងារដែលសម្រេច បាននៅក្នុងរយៈពេលពេញមួយឆ្នាំកន្លងមក ព្រមទាំងពិនិត្យមើលនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និង កាលានុវត្តភាព ដើម្បីរិះរកមធ្យោបាយ ឬដំណោះស្រាយឱ្យបានសមស្រប រួមជាមួយនឹងការដាក់ចេញទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ប្រកបដោយភាពម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយដែលអាចឆ្លើយតបនឹងតម្រូវការចាំបាច់នៅក្នុងខេត្ត។ ឯកឧត្តម អភិបាលខេត្តបានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីលទ្ធផលពិភាក្សាក្នុងអង្គសន្និបាតដែលបានធ្វើការពិនិត្យ ពិភាក្សាយ៉ាងផុលផុស និងបានផ្តល់នូវធាតុចូលជាច្រើនលើការងារជាអាទិភាព របស់រដ្ឋបាលខេត្តដោយផ្តោតលើការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាម សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៃខេត្តសៀមរាបដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវ សមិទ្ធផលនានាជាច្រើន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្ត ទៀតប្រកបដោយភាពធន់ សមធម៌ និងមាននិរន្តរភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានផ្តល់នូវគោលការណ៍ណែនាំលើកិច្ចការសំខាន់ៗមួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់នៃខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់ខិតខំរួមគ្នាប្តេជ្ញាចិត្តអនុវត្ត ឱ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៥ នេះ មានជាអាទិ៍៖ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុខ សុវត្ថិភាពសង្គមឱ្យបានរឹងមាំ យកចិត្តទុកដាក់ តាមដាន ស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់ ចលនា ឧទ្ទាម និងបដិវត្តពណ៌នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថាត្រូវង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងត្រូវបន្តជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការការពារនិងលើកស្ទួយសិទ្ធិសេរីភាព ពង្រឹង នីតិរដ្ឋនឹងការគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់យុត្តិធម៌ និងសីលធម៌សង្គម។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យ អាជ្ញាធរពាក់ព័ន្ធមានដូចជា រដ្ឋបាលខេត្តសៀមរាប ក្រសួងបរិស្ថាន ក្រសួងកសិកម្ម អាជ្ញាធរជាតិអប្សរា នឹិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរតែរួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសជលផល ព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅតំបន់ភ្នំគូលែននេះឱ្យបានកាន់តែមានប្រសិទ្ធភាព៕
