នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោក សុខ ថុល អភិបាលរងខេត្តតំណងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភបាលខេត្តបានអមដំណេីរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាល និងតម្រង់ទិសការងារជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តសៀមរាប អំពីគោលការណ៍នៃការធ្វើកំណែទម្រង់ទៅលើរដ្ឋបាលសាធារណៈដែលមានធាតុបីសំខាន់គឺ ទី១ការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ ទី២គឺប្រព័ន្ធជ្រើសរើសមន្រ្ដី និងទី៣គឺប្រព័ន្ធលើកទឹកចិត្ដ។
ឯកឧត្តម រដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ដោយបានកំណត់មូលធនមនុស្សជាអាទិភាពសំខាន់។ ជាមួយគ្នានេះក្រសួងនានា បានធ្វើវិភាជទៅលើមុខងារនិងធនធាមនុស្សហើយ មូលដ្ឋាននៃការជ្រើសរើសមន្រ្ដីឱ្យកាន់ការងារ តួនាទី តំណែងក្នុងក្របខណ្ឌរដ្ឋ គឺជាធនធានមនុស្សប្រកបដោយគុណាធិបតេយ្យ សំដៅទៅលើគុណភាព សមត្ថភាព ចំណេះដឹង ទេពកោសល្យ ស្នាដៃ គួបផ្សំជាមួយសីលធម៌ គុណធម៌ សុជីវធម៌ ក្នុងនាមជាមន្រ្ដីរាជការ។ ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថាក្រសួងព័ត៌មានបានរៀបចំផែនការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍របស់ខ្លួនដែលត្រូវធ្វើការបណ្តុះបណ្តាល លើជំនាញព័ត៌មាន ជំនាញសោតទស្សន៍ និងពង្រឹងទៅលើមនសិកាវិជ្ជាជីវៈ ជាមួយគ្នានេះក៏ផ្តល់ការលើកទឹកចិត្តជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពនិងឆន្ទៈការងារ ទន្ទឹមនេះក្រសួងក៏អនុវត្តតាមជាប្រចាំនូវអភិក្រមទាំង៥ ដែលសម្ដេចតេជោបានដាក់ចុះគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ដែលនេះគឺជាចំណុចច្បាស់លាស់ និងម៉ឺងម៉ាត់ នៃវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាព គុណភាព ប្រសិទ្ធភាពការងារនិងប្រសិទ្ធភាពស្ថាប័ន។
ឯកឧត្តម នេត្ត ភក្រា្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប បន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមវិជ្ជាជីវៈ រក្សាសាមគ្គីភាពផ្ទៃក្នុង សហការស្អិតរមួតជាមួយបណ្តាមន្ទីរអង្គភាពនានា និងត្រូវមានភាពសកម្ម បុរេសកម្ម អន្ដរសកម្មលើការងារវិស័យព័ត៌មានក្នុងខេត្ត ជាមួយគ្នានេះ មន្ទីរព័ត៌មាន ជាសេនាធិការរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ដ លើការងារគ្រប់គ្រងព័ត៌មាននៅក្នុងខេត្ដ ដែលចំណុចត្រូវយកចិត្ដទុកដាក់នោះគឺភាពសកម្ម បុរេសកម្ម អន្ដរសកម្មសំដៅពង្រឹងការងារទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងការងារគ្រប់គ្រងសាធារណមតិ ព្រោះថា កិច្ចការព័ត៌មាន និងសាធារណមតិជាកិច្ចការងារចាំបាច់ និងសំខាន់ណាស់។ បច្ចុប្បន្ននេះលទ្ធភាពនៃការបញ្ចេញព័ត៌មានក្លែងក្លាយកាន់តែសម្បូរបែប ហេតុនេះ ត្រូវបន្តក្តាប់ឱ្យបាន ក្នុងករណីមានការចុះផ្សាយណាមួយខុសពីការពិត ដើម្បីឈានទៅលុបបំបាត់ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំង ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ។
ឯកឧត្តម នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលមន្ទីរព័ត៌មានខេត្តសៀមរាបអនុវត្តន៍បានទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះគ្រប់ការលំបាក ដែលបង្ហាញពីការលះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តកាន់តែមានការរីកចម្រើន។
