នារសៀល ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត ប្រចាំខែមករា ឆ្នាំ២០២៥» ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា របស់មណ្ឌល និងអ្នកពាក់ព័ន្ធ សរុបចំនួន ១០រូប ស្រី ២រូប។
កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត ប្រចាំខែមករា ឆ្នាំ២០២៥ រៀបចំឡើងដេីម្បីបង្ហាញពីសមាសភាព និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត ពិនិត្យពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តសកម្មភាពកន្លងមក និងដំណោះស្រាយ និងពិនិត្យពិភាក្សា និងអនុម័តផែនការសកម្មភាព ឆ្នាំ២០២៥ របស់មណ្ឌល។ក្នុងកិច្ចប្រជុំនេះ លោក អភិបាលរងខេត្ត បានមានមតិថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តសកម្មភាពមណ្ឌល ក្នុងគោលដៅលើកកម្ពស់ការអភិវឌ្ឍស្ថាប័ន និងសមត្ថភាពរបស់មន្រ្តី ដើម្បីសម្រេចបាននូវគោលដៅរួម គឺការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលនឹងរួមចំណែកក្នុងការសម្រេចគោលដៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ជាពិសេសឆ្លើយតបបានទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕
