រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

  • 20
  • ដោយ vannak

នៅសាលប្រជុំធំសាលាខេត្តបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥ ដែលបានដំណើរការនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ រយៈពេលមួយថ្ងៃក្រោមកិច្ចដឹកនាំរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និង ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងជួញដូរមនុស្សខេត្តសៀមរាប ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ អស់លោក លោកស្រីជាសមាជិក គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងសាសនា អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និង កងកម្លាំងនៃប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ ព្រមទាំងអង្គកាដៃគូរចូលរួមផងដែរ។

លោកស្រី ម៉ននី រងី្ស ក៏បានថ្លែងអំណរគុណទៅដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ក្នុងកិច្ចការងារប្រឆាំងអំពើជួញដូរមនុស្ស និង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ លោកស្រីអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសការជួញដូរ និង ការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើម ។ លោកស្រី បានបន្តទៀតថា ក្នុងនាមលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) លោកស្រី ក៏បានជំរុញបន្ថែមដល់សមត្ថកិច្ចគ្រប់អង្គភាព អាជ្ញាធរមូលដ្ឋាន និង ជាមួយអង្គការដៃគូ ដើម្បីបង្កើនការទប់ស្កាត់និងបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ក្នុងន័យធានាទប់ស្កាត់ ការជួញដូរមនុស្សក្រោមរូបភាព នាំប្រជាពលរដ្ឋទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់ ការស្មុំកូន ការធ្វើអាជីវកម្មផ្លូវភេទ និង ការប្រើប្រាស់ពលកម្មកុមារជាដេីម។

ក្នុងឱកាសបិទកិច្ចប្រជុំនោះដែរលោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ បានធ្វើការវាយតម្លៃខ្ពស់ទៅលើលទ្ធផល ដែលលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប អនុវត្តបានក្នុងឆ្នាំ២០២៤ ដែលធ្វើឱ្យអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និង ការប្រើប្រាស់កម្លាំងពលកម្មកុមារ មានការថយចុះ គួឱ្យកត់សម្គាល់ ។ ក្នុងនោះដែរលោកជំទាវក៏បានគូសបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៤ ចំណុច នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំ(២០២៤-២០២៨) ស្របតាមអនុសាសន៍ទាំង៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើង ដោយផ្តោតទៅលើ ទី១.ការលើកកម្ពស់ការបង្ការទប់ស្កាត់ (រាល់ទម្រង់នៃអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ) ,ទី២.ការពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ (បង្ក្រាប និងផ្តន្ទាទោស) , ទី៣.កិច្ចគាំពារ ជនរងគ្រោះ និងទី៤ ,ការងារច្បាប់គោលនយោបាយ និងកិច្ចសហប្រតិបត្តិការ។

លោកជំទាវ បានផ្តល់នូវអនុសាសន៍ និង យុទ្ធសាស្ត្រល្អៗមួយចំនួន ដែលជាប្រទីបសម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ យកទៅអនុវត្តបន្តឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់សមាជិកនៃកិច្ចប្រជុំទាំងអស់ ដើមី្បរក្សានូវភាពថ្លៃថ្នូរនៃប្រពៃណីដូនតាខ្មែរយើងបាន យើងត្រូវចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដែលបានដាក់ចុះ ឲ្យទទួលបានជោគជ័យ។ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះកុមាររងគ្រោះ និង ងាយរងគ្រោះ ដោយការ រំលោភបំពាន និង អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងបង្កើនការបណ្តុះបណ្តាលជំនាញដល់មន្ត្រីបន្តវេន លើកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា សេចក្តីណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជម្រុញការបង្ការទប់ស្កាត់ លុបបំបាត់ អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ៕

អត្ថបទទាក់ទង