នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងទីចាត់ការចំណុះសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ អង្គការដៃគូអនុវត្ត និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ សរុប ៥៨នាក់ ស្រី ២១នាក់។
កិច្ចប្រជុំ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំឆ្នាំ២០២៤នេះ ក្រុមការងារបានពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ មេរៀនបទពិសោធន៍ល្អៗ នៃការអនុវត្តការងារគណនេយ្យភាពសង្គម រយៈពេល១ឆ្នាំកន្លងទៅ ដែលអនុវត្តលើការផ្ដល់សេវាកម្រិតមូលដ្ឋាននៅថ្នាក់ឃុំ សង្កាត់ នៃក្រុង ស្រុកទាំង១៣(រដ្ឋបាលឃុំ សង្កាត់ចំនួន ១០០ សាលាបឋមសិក្សាចំនួន៥១៦ និងមណ្ឌលសុខភាពចំនួន ៩៣) និងការផ្ដល់សេវាកម្រិតក្រុង ស្រុក ចំនួន ៣(រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកក្រឡាញ់ និងរដ្ឋបាលស្រុកវ៉ារិន)។
