កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំលេខ១ សាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ សន្តិសុខសណ្ដាបធា្នប់ក្នុងបរិវេណមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានចូលរួមពីលោក នាយកទីចាត់ការ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីសាលាខេត្ត ព្រមទាំងលោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ស្ថិតក្នុងមណ្ឌលរដ្ឋបាលមន្ទីរខេត្ត សរុបចំនួន៣៥នាក់ ស្រី០៣នាក់។
លោក អភិបាលរងខេត្ត បានគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងពិនិត្យ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ បរិស្ថាន និងអនាម័យ ស្ថិតក្នុងបរិវេណមណ្ឌលរដ្ឋបាលមន្ទីរខេត្ត ដែលកិច្ចការទាំងនេះ តម្រូវឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ សំដៅកែលម្អសោភណ្ឌភាព បង្កើនការទាក់ទាញ និងស្នើឱ្យសមាជិក សមាជិការចូលរួមមតិយោបល់ ដោយលើកអំពីបញ្ហាប្រឈមនានា ដើម្បីជាធាតុចូល។
អង្គប្រជុំនឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំខេត្តដើម្បីរៀបចំផ្ទាំងផ្សព្វផ្សាយ(ប៉ាណូ) និងដងទង់ជាតិនៅមុខមណ្ឌលសម្រាប់ផ្សព្វផ្សាយនូវរាល់កម្មវិធីបុណ្យជាតិ និងអន្តរជាតិនានា របស់មន្ទីរក្នុងមណ្ឌល បំពាក់កាមេរ៉ាសុវត្ថិភាព រៀបចំបណ្ណសម្គាល់រថយន្ត ម៉ូតូ និងរៀបចំចំណតសម្រាប់ប្រជាពលរដ្ឋដែលទៅទទួលសេវា ឬទំនាក់ទំនងកិច្ចការងារនានា នៅខាងក្រៅមណ្ឌលរដ្ឋបាលមន្ទីរ។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានផ្ដាំផ្ញើរដល់លោក នាយកទីចាត់ការសាលាខេត្ត លោក លោកស្រី តំណាងមន្ទីរ អង្គភាពក្នុងមណ្ឌលរដ្ឋបាលមន្ទីរ ត្រូវសហការរៀបចំការងារទាំងដែលអង្គប្រជុំបានពិនិត្យ និងសម្រេច ជាពិសេសត្រូវពន្លឿនក្នុងការរៀបចំបទបញ្ជាផ្ទៃក្នុងសម្រាប់អនុវត្តទាំងអស់គ្នា។
