នៅចុងសប្តាហ៍រសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមឯកឧត្តម លោកជំទាវ ជាសមាជិក ក្រុមប្រឹក្សាខេត្ត រដ្ឋបាលសាលាខេត្ត និងវត្តមាន លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត បានកៀរគរតាមសទ្ឋាជ្រះថ្លាប្រមូលបច្ច័យបានជាង១២លានរៀល យកទៅប្រគេនព្រះសង្ឃ វត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោចក ក្រុងសៀមរាបខេត្តសៀមរាប ក្នុងឱកាសដែល ព្រះគ្រូចៅអធិការ គណៈកម្មការវត្តប្រាសាទគោកចក បានប្រារព្ធរៀបចំបុណ្យផ្កាប្រាក់សាមគ្គី និង ទេសនាមហាវេស្សន្តរជាតក និងរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ នៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៥ ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថា៖បច្ច័យដែលទទួលបានពីសប្បុរសជនជិតឆ្ងាយនឹងយកទៅ ស្ថាបនាផ្លូវបេតុង១ខ្សែបណ្តោយ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ព្រមទាំងដាក់លូបង្ហូរទឹកប្រវែង២០០មផង ដែលគ្រោងចំណាយថវិកាសរុប៣៩ពាន់២២១ដុល្លាអាមេរិកហេតុនេះសូមអំំពាវនាវដល់សប្បុរសជនជិតឆ្ងាយសូមជួយបរិច្ចាគធនធានថវិកា ទៅតាមលទ្ឋភាព ដើម្បីរួមចំណែកបំពេញនូវសេក្តីត្រូវការចាំបាច់របស់អារាមមួយនេះផង។
ព្រះតេជគុណ បានថ្លែងអំណរគុណនិងកោតសរសើរនូវសទ្ឋាជ្រះថ្លារបស់ថ្នាក់ដឹកនាំខេត្តនិងប្រជាពុទ្ឋបរិស័ទក្នុងខេត្តសៀមរាប ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់វិស័យពុទ្ធសាសនាជាដរាបរៀងមក មិនថាតែបុណ្យផ្កាប្រាក់ ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌឬពិធីបុណ្យដទៃៗទៀតនោះទេ។ នេះបានបង្ហាញឲ្យឃើញពីស្មារតីគោរពព្រះពុទ្ឋសាសនាក្រោមដំបូលសុខសន្តិភាព ដែលរដ្ឋធម្មនុញ្ញចែងថាជាសាសនារបស់រដ្ឋ ដែលញ៉ាំងឲ្យវិស័យពុទ្ឋចក្រនៅកម្ពុជាកាន់តែរឹងមាំនិងរីកចម្រើនឡើងថែមទៀត ៕
