រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

វគ្គបណ្ដុះបណ្ដាល ស្ដីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ” ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់

  • 17
  • ដោយ vannak

ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នឌគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី "ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ" ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការចូលរួមលោក លោកស្រី មន្ទីរ អង្ភាព ជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក និងឃុំ សង្កាត់ សរុបចំនួនជាង ៤០០នាក់ នៅសាលប្រជុំរដ្ឋបាលខេត្ត។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា កម្ពុជាបានចេញពីគំនរផេះផង់ ចេញពីសោកនាដកម្មឈាម និងទឹកភ្នែកក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ឱ្យក្លាយជាប្រទេសសម្បូរសប្បាយមិនធ្លាប់ដែលមានពីមុន ហើយប្រជាពលរដ្ឋខ្មែរដែលត្រូវបានគេកាប់សម្លាប់ស្ទើរតែអស់ពីភពផែនដីទៅហើយនោះ ស្រាប់តែមានភ័ព្វសំណាងបានរស់ឡើងវិញម្តងទៀត និងបានស្តារប្រទេសឡើងវិញឱ្យស្គាល់យុគសម័យទំនើបដូចបច្ចុប្បន្ន។ នេះគឺជាមហាសមិទ្ធផលដែលជាស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តថែរក្សានិងពូនជ្រុំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ ឯកឧត្តម ប៉ែន បូណា កត់សម្គាល់ទៀតថា ក្រុមប្រឆាំងជ្រុលនិយមបាននិងកំពុងព្យាយាមមួលបង្កាច់ លាបពណ៌ ញុះញង់ ដោយបង្កើតព័ត៌មានក្លែងក្លាយយ៉ាងច្រើនចាក់ចូលក្នុងបណ្តាញសង្គមជារៀងរាល់ថ្ងៃ ក្នុងគោលបំណងបំផ្លាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ហើយអូសទាញប្រទេសទៅរកអតីតកាលខ្មៅងងឹតឡើងវិញ។ ប៉ុន្តែ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានមានទំហំធំធេងណាស់ ដែលគ្មានអ្នកណាអាចបំភ្លៃបានឡើយ ដូចពាក្យចាស់បូរាណពោលថា «គ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងព្រះអាទិត្យបានឡើយ» ពោលគឺ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចអាចត្រឹមយកបាតដៃទៅបាំងភ្នែកខ្លួនឯងកុំឱ្យឃើញពន្លឺព្រះអាទិត្យបាន ប៉ុន្តែមិនអាចបាំងភ្នែកអ្នកដទៃបានទេ។ យ៉ាងណាមិញ ក៏គ្មានអ្នកណាអាចបិទបាំងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលពីភ្នែករបស់ប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិបានដែរ។ ជាក់ស្តែង អង្គការសហប្រជាជាតិបានទទួលស្គាល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសម្រេចឱ្យកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងន័យនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើឱ្យក្រុមការងារទទួលបន្ទុកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើការងារបុរេសកម្មឱ្យបានខ្លាំងក្លា ដើម្បីបញ្ជ្រាបសមិទ្ធផលដ៏ធំធេងទាំងនេះដល់ប្រជាពលរដ្ឋ ហើយរួមគ្នាសម្លឹងឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយមោទនភាព។

លោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាអ្នកនាំពាក្យខេត្ត បានកត់សម្គាល់ថា នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ការចែករំលែកនូវព័ត៌មានជាច្រើននៅលើបណ្តាញសង្គមឌីជីថលរបស់ប្រជាពលរដ្ឋក៏កាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងបណ្តាញសង្គមទាំងនោះ មានការចែករំលែកនូវមតិយោបល់ សំណួរ សំណូមពរ ព័ត៌មានពិត និងព័ត៌មានមិនពិតដែលធ្វើឱ្យមហាជនមានការពេញចិត្ត មិនពេញចិត្ត យល់ស្រប មិនយល់ស្រប យល់ច្រឡំ និងពិបាកក្នុងការបែងចែកខុសឬត្រូវ អាចទុកចិត្តបាន ឬមិនអាចទុកចិត្តបាន ដែលនេះអាចជាឱកាសមួយសម្រាប់ក្រុមមានគំនិតមិនល្អមួយចំនួនបង្កើតនូវព័ត៌មានមិនពិត ក្នុងគោលបំណងបោកប្រាស់បង្ករភាពវិកវរ ក្នុង សង្គម និងកេងចំណេញផ្នែកនយោបាយជាដើម។

លោកអភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលនាពេលនេះ នឹងផ្តល់ជាធាតុចូលដល់ លោក លោកស្រី ជាសក្ខាកាមទាំងអស់ទទួលបាននូវឱកាសក្នុងការយល់ដឹងអំពីតួនាទី ភារកិច្ច វិធីសាស្ត្រឆ្លើយតប ជាមួយអ្នកសារព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន ជាពិសេសនឹងក្លាយខ្លួនជាអ្នកនាំពាក្យប្រចាំអង្គភាព ដែលពោពេញដោយគុណវុឌ្ឍិ វិជ្ជាជីវៈ គុណភាព ប្រសិទ្ធិភាព និងគុណធម៌សម្រាប់បម្រើដល់ឧត្តមប្រយោជន៍ជូនសង្គមជាតិទាំងមូល និងជាចំណែកនៃការចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង