រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អគារមជ្ឈមណ្ឌលបេះដូងតម្លៃជាង២លានដុល្លាអាមេរិកត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

  • 20
  • ដោយ vannak

នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានធ្វើពិធីបញ្ឋុះបឋមសិលាសាងសង់មជ្ឈមណ្ឌលសម្រាប់ព្យាបាលជម្ងឺបេះដូង ដែលមានតម្លៃជាង២លានដុល្លាអាម៉េរិក ក្រោមជំនួយសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្រោមអធិបតីភាពលោកជំទាវ ខេង រ៉ាស៊ី សមាជិកក្រុមប្រឹក្សាខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមាន ការចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ប្រតិភូម្ចាស់ជំនួយ បុគ្គលិកពេទ្យ និងបងប្អូនអ្នកកំដរជម្ងឺ ក្នុងមន្ទីរពេទ្យចូលរួមផងដែរ។

លោកសាស្ត្រាចារ្យ ប៉ែន ផល្គុន បានឱ្យដឹងនៅក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារមជ្ឈមណ្ឌលបេះដូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាផ្នែកមួយនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប មានតួនាទី ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ដែលមានផ្នែកផ្តល់សេវា ដោយផ្ទាល់ ២៤ និងផ្នែកគាំទ្រសេវា ១២។ លោកបន្តថាមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានដើរតួនាទីជាមន្ទីរពេទ្យផ្តល់សេវាថ្នាក់តំបន់ ដោយមានការអភិវឌ្ឍ និងមានកម្រិតសមត្ថភាពរបស់ខ្លួនខ្ពស់ជាងបណ្តាមន្ទីរពេទ្យខេត្តដទៃក្នុងតំបន់ ដែលបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងបណ្តាខេត្តក្បែរខាងក៏មកប្រើសេវានៅទីនេះយ៉ាងច្រើនផងដែរ ពិសេសនៅពេលដែល ពួកគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬមានភាពស្មុគស្មាញ ដែលមានចំនួននេះមានប្រមាណ ២០ភាគរយនៃ ករណីសម្រាកពេទ្យសរុប។ លោកបន្តថា ថ្វីត្បិតែមន្ទីរពេទ្យបច្ចុប្បន្នមានវេជ្ជបណ្ឌិតឯកទេសបេះដូងចំនួន៤រូបក៏ដោយ ក៏សមត្ថភាព និងលទ្ធភាព នៃការផ្តល់សេវាឯកទេសនេះនៅមានកម្រិតនៅឡើយ ពិសេសគឺមិនទាន់មានសេវា Cath Lab នៅក្នុងមន្ទីរពេទ្យឡើយទេ ហើយតាមការវិភាគបង្ហាញថា ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង គឺជាមូលហេតុចំបងមួយនៃមូលហេតុស្លាប់នាំមុខទាំង១០ ក្នុងមន្ទីរពេទ្យ។

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងដែរ អាគារមជ្ឈមណ្ឌលជម្ងឺបេះដូងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះនឹងក្លាយជាសមិទ្ធផលមួយថ្មីស្រឡាងបន្ថែមទៀត លើវិស័យសុខាភិបាលរបស់ខេត្ត ហើយនឹង ជួយសម្រួល ឲ្យការផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើងកាន់តែមានផាសុខភាព និង ប្រកបដោយប្រសិទ្ធភាព។ លោកថា ការសាងសង់អាគារមជ្ឈមណ្ឌលជំងឺបេះដូងនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាល កម្ពុជា ពិសេសជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការលើកកម្ពស់វិស័យសុខាភិបាលខេត្តមួយនេះឱ្យកាន់តែមានភាពទំនើបស៊ីវីល័យ ៕

អត្ថបទទាក់ទង