កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអមដំណេីរឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវវាងក្រុងសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យលើតម្រាយប្លង់ទីតាំងលម្អិត នៃគម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ប្រវែង ៤៦,៥៧គីឡូម៉ែត (PK0+000 – PK46+570) ចំណុចចាប់ពីភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង រហូតដល់ភូមិពួកថ្មី ឃុំពួក ស្រុកពួក នៃខេត្តសៀមរាប ដែលបានសិក្សារួច មុនឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ។
ការចុះពិនិត្យគម្រោងផ្លូវវាងក្រុងនេះគឺដើម្បីកំណត់នូវនិយាមកាច្បាស់លាស់ ពិនិត្យលើតម្រាយប្លង់ទីតាំងលម្អិតនៃផ្លូវ និងឈានដល់ការវាយតម្លៃ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ និងការចំណាយឱ្យមានកម្រិតទាប៕
