ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការ ដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងជាប្រធានលេខាធិការដ្ឋាន និងក្រុមការងារពាក់ព័ន្ធ។
កិច្ចប្រជុំអនុគណៈកម្មាធិការ ដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខេត្តសៀមរាប នេះដែរ ក្នុងគោលបំណងអនុវត្តស្របតាមយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ លើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាពនិងភាពធន់នៃសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ព្រមទាំងជំរុញនិងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ចពាណិជ្ជកម្មការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរនិងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ ជាមួយគ្នានេះដែរ កិច្ចប្រជុំនេះមានគោលដៅ នៃយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ដេីម្បីបង្កលក្ខណៈងាយស្រួល ដល់ការឈានចូលក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬនិយាយម្យ៉ាងទៀត ឈានចូលក្នុងប្រព័ន្ធអភិវឌ្ឍន៍អន្តរកាលមួយ (into the system) មុននឹងអាចចូលរួមបានពេញលេញ ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ផ្តល់ប្រយោជន៍ដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធដើម្បីធានាថាមិនធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ ទោះបីក្នុងករណីមិនអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ក៏ដោយ។ ថែបំប៉នអ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ឱ្យរីកធំធាត់ដើម្បីអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ ក៏ដូចជាការ លើកកម្ពស់ការចូលរួមរបស់គ្រប់តួអង្គពាក់ព័ន្ធ។
