កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋានអង្គថាយហ្គឺ បានរៀបចំប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប-ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវប្រកួតជាមួយក្រុមបាល់ទាត់ភ្ញៀវទេសចរបរទេសមកពី ១២ប្រទេស មានកីឡាករចំនួន ៣៥នាក់ ដោយមានការចូលរួមពីអ្នកគាំទ្រប្រមាណ ២៥០០នាក់។
លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់កីឡាករ ក៏ដូចជាបងប្អូនដែលបានចូលទស្សនានៅកីឡដ្ឋាន។ លោក បានបន្តថាកីឡាគឺជានិមិត្តរូបនៃការសាមគ្គីភាព ដែលអាចនាំមនុស្សមកពីគ្រប់មជ្ឈដ្ឋាន និងមានវប្បធម៌ផ្សេងៗគ្នាមកជួបជុំគ្នាបង្កើតនូវចំណងមិត្តភាព និងអនុស្សាវរីយ៍រួមគ្នាដែលមិនអាចបំភ្លេចបាន។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ កីឡដ្ឋានបាល់ទាត់អង្គរថៃហ្គឺរ និងក្រុមកីឡាករភ្ញៀវទេសចរបរទេស រៀបចំនូវកម្មវិធីប្រកួតបាល់ទាត់មិត្តភាពនេះឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងសិល្បៈករកម្ពុជា និងភ្ញៀវទេសចរបរទេសដើម្បីចូលរួមផ្សព្វផ្សាយពីស្នាមញញឹម និងការស្វាគមន៍រាប់អានរាក់ទាក់ពីប្រទេសកម្ពុជា ពិសេសខេត្តសៀមរាបដែលជាទឹកដីអច្ឆរិយៈចំពោះភ្ញៀវទេសចរមកពីគ្រប់ទិសទីដែលនេះបញ្ជាក់ឱ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់ នៃកីឡាក្នុងការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍។
លោក អភិបាលរងខេត្ត ការប្រកួតនាពេលនេះ មិនមែនតែការសប្បាយរីករាយប៉ុណ្ណោះទេ ក៏ជារួមចំណែកជំរុញកំណើនទេសចរណ៍ និងបង្កើនគុណភាពសេវាកីឡាទេសចរណ៍ឱ្យក្លាយជាផលិតផលទេសចរណ៍មួយ ប្រកបដោយការទាក់ទាញដោយផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍ខេត្តសៀមរាបរបស់យើងទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ តាមរយៈការចូលរួមលេងកីឡា កម្សាន្តជាមួយកីឡា និងប្រកួតកីឡា។
