ក្នុងឱកាសដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញឱ្យក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរទូទាំងខេត្ត សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការផ្ដល់សេវាសាធារណៈ។ កិច្ចប្រជុំវិសមញ្ញនេះ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយក នាយករង រដ្ឋបាល ទីចាត់ការ អង្គភាព មន្ត្រីរាជការចំណុះសាលាខេត្តបានចូលរួមផងដែរ ។
ឯកឧត្តម លី សំរិទ្ធ ការបង្កើតក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីជួបប្រាស្រ័យ សំណេះសំណាល សួរសុខទុក្ខ ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តសៀមរាបទាំងមូល។ ការបង្កើតក្រុមការងារនេះដែរ ក៏ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងអភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការផ្ដល់សេវាសាធារណៈ ព្រមទាំងដោះស្រាយបញ្ហា និងសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវប្រកាន់ភ្ជាប់ពីតួនាទី ភារកិច្ចរបស់ខ្លួន សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខ កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងត្រូវឈរលើស្មារតីអព្យាក្រិត មិនលំអៀង មិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ដោយឈរលើភាពយុត្តិធម៌ គោរពឲ្យបាននូវក្រមសីលធម៌សមាជិកក្រុមប្រឹក្សារាជធានីខេត្ត ដែលបញ្ញត្តិដោយសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត។ ក្នុងនោះបើមានការណែនាំពីប្រធានក្រុមប្រឹក្សាឲ្យចុះទៅមូលដ្ឋានណាមួយដោយមានការចាំបាច់ ក្រុមការងារពាក់ព័ន្ធត្រូវចុះទៅកាន់មូលដ្ឋាននោះ ដើម្បីបំពេញភារកិច្ចស្នូលរបស់ខ្លួន ព្រោះការងារចុះមូលដ្ឋាននេះ ប្រជាពលរដ្ឋជាកម្មវត្ថុចម្បងនៃការចុះមូលដ្ឋានរបស់ក្រុមការងារ ដោយមានសមាសភាពពាក់ព័ន្ធក្នុងមូលដ្ឋានចូលរួមផងដែរ។
លោក ឌី រ៉ាដូ អភិបាលរងខេត្ត តាមរយៈនៃការបង្កើតក្រុមការងារនេះ នឹងធ្វើឲ្យការងារដោះស្រាយក្ដីកង្វល់ និងសំណួរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកាន់តែលឿន និងមានប្រសិទ្ធភាព ហើយក៏ជាការបង្កើននូវភាពជិតស្និតរវាងអាជ្ញាធរ និងប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ។ ក្នុងនោះក៏សូមឲ្យអាជ្ញាធរទូទាំងខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន ពង្រឹងលើការអនុវត្តការងាររដ្ឋបាលនៅក្នុងមូលដ្ឋានខ្លួន ដោយផ្តោត សំខាន់លើការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យប្រកបដោយគុណភាពខ្ពស់ និងតម្លាភាពផងដែរ៕
