រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ.សរ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥

  • 16
  • ដោយ vannak

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ.សរ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមកិច្ចដឹកនាំរបស់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ដែលអញ្ជើញមកមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋ សរុប ៥៦ នាក់ ស្រី ៣៤ នាក់។

កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការឆ្លុះបញ្ចាំងអំពីការសមិទ្ធផល បញ្ហាប្រឈម ការពិភាក្សារកដំណោះស្រាយរួមគ្នារវាងអ្នកពាក់ព័ន្ធដែលមានតួអង្គជាមន្រ្តីរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន និងអង្គការដៃគូសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការផ្តល់សេវាកម្មជូនដល់ជនរងគ្រោះ ជនងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ) ដែលបានអនុវត្តក្នុងមករា និងខែកុម្ភៈឆ្នាំ២០២៥។ នៅក្នុងកិច្ចពិភាក្សានេះផងដែរ អង្គប្រជុំទទួលបាននូវធាតុចូលសំខាន់ៗជាច្រើន និងបានដាក់ទិសដៅសម្រាប់អនុវត្តបន្ត ដោយក្នុងនោះអង្គប្រជុំ បាន៖ ១. ជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់បន្តពង្រឹងលើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសកិច្ចការពារកុមារ តាមគ្រប់រូបភាព។ ២.ជំរុញឱ្យមានការពង្រឹងទៅលើការផ្តល់សេវាកម្មដល់ជនរងគ្រោះប្រកបដោយទំនុកចិត្ត និងការទទួលករណីរួមគ្នារវាងអង្គការស៊ីវិលជាមួយអង្គការសង្គមស៊ីវិល ក្រោមកិច្ចសម្របសម្រួលរបស់មន្ទីរសង្គមកិច្ច ឬការិយាល័យសង្គមកិច្ច ដើម្បីឱ្យជនរងគ្រោះទទួលបានសេវាសមស្រប និងគ្រប់ជ្រុងជ្រោយ។ ៣. ជំរុញឱ្យមន្ទីរអប់រំយុវជន និងកីឡាខេត្ត រដ្ឋបាលក្រុង ស្រុក ជ្រើសរើសបន្ថែមយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយឬទ្ធឹ យុវជន ស.ស.យ.ក និងក្រុមប្រឹក្សាកុមារ នៅតាមគ្រឹះស្ថានសិក្សា ដើម្បីបានចូលរួមការងារសង្គម និងធ្វើជាបណ្តាញអប់រំបន្តលើការងារប្រឆាំងអំពើជួញដូរមនុស្ស ឱ្យបានកាន់តែទូលំទូលាយ និងកាន់តែល្អប្រសើរថែមទៀត។ ៤. ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ពង្រឹងទៅលើការគ្រប់គ្រងស្ថិតិចំណាក-ចំណូលស្រុកទាំងក្នុង និងក្រៅប្រទេស និងស្ថិតិកុមារដែលមានឪពុកម្តាយធ្វើការចំណាកស្រុក ដើម្បីសិក្សាអំពីផលប៉ះពាល់របស់កុមារដែលបានធ្វើទេសន្តរប្រវេសន៍តាមឪពុកម្តាយ កុមារដែលទុកឱ្យនៅជាមួយសាច់ញាតិក្នុងសហគមន៍ និងស្វែងរកកិច្ចគាំពារដល់កុមារទាំងអស់នោះឱ្យបានសមស្រប។

អត្ថបទទាក់ទង