ដើមី្បអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ "ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ" និងជាការគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ។ គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច ចំនួន៨០នាក់ (ក្នុងនោះនៅមណ្ឌលសុខភាព មោង ស្រុកស្រីស្នំ ចំនួន ៥០នាក់ និងមណ្ឌលសុខភាព ស្រីស្នំ ស្រុកស្រីស្នំ ចំនួន៣០នាក់)។
លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ដែលមានខ្លឹមសារអំពាវនាវ ៦ចំណុច ចំពោះបង-ប្អូនរួមជាតិ ជាពិសេសបុរស និងស្ត្រីជាមាតាបិតា និងយុវវ័យគ្រប់រូបដូចតទៅ៖
១. យើងត្រូវលើកកម្ពស់ការយល់ដឹងបន្ថែមទៀត៖ - សូមឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ដើម្បីទទួលបាន ការពិនិត្យថែទាំ ទទួលបានវ៉ាក់សាំងបង្ការជំងឺ ធ្វើតេស្តដោយស្ម័គ្រចិត្តរកមេរោគដើម្បីលុបបំបាត់ ការចម្លងមេរោគអេដស៍/ស្វាយពីម្តាយទៅកូន និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលមានគ្រូពេទ្យទទួលបានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ។ - ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាពដោយយកកូនទៅពិនិត្យផង តាមកាល កំណត់ ដើម្បីទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ ពិនិត្យតាមដានសុខភាពនិងការលូតលាស់ របស់កូន។ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីទារកកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ រួមជាមួយការបន្តបំបៅទឹកដោះម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
- សូមប្រញាប់យកទារក ឬកុមារទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺ រលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬ មិនឡើងទម្ងន់ ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ និងទទួលការពិនិត្យ និងព្យាបាលនៅ មន្ទីរពេទ្យ។ - សូមយុវជន-យុវតី និងស្ត្រីក្នុងវ័យបន្តពូជ ទៅពិគ្រោះយោបល់ ទទួលការណែនាំ ការពិនិត្យ ឬ --ព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិកដែលមានគ្រូពេទ្យជំនាញត្រឹមត្រូវ។ សូម ចូលរួមក្នុងការទប់ស្កាត់ និងលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេពី ឪពុកម្តាយទៅកូន និងចូលរួមក្នុងការទប់ស្កាត់ជំងឺមហារីកមាត់ស្បូន ដោយនាំកុមារីអាយុ៩ឆ្នាំទៅ ទទួលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា។
២. សូមនាយកគ្រឹះស្ថានឯកជនដែលផ្តល់សេវាសុខាភិបាល ដូចជាបន្ទប់ថែទាំ មន្ទីរសម្រាកព្យាបាល មន្ទីរសម្ភព មន្ទីរពហុព្យាបាល ឱសថស្ថានឯកជន ត្រូវចូលរួមសហការជាមួយក្រសួងសុខាភិបាល ឬអង្គភាពពាក់ព័ន្ធក្នុងការគាំទ្រ ផ្តល់បច្ចេកទេស ផ្តល់សេវាប្រកបដោយគុណភាពជូនស្ត្រី មាតា ទារក និងកុមារ ក្នុងភាពជាដៃគូ និងក្នុងស្មារតីទទួលខុសត្រូវ ដើម្បីភាពរីកចម្រើននៃវិស័យសុខាភិបាល នៅកម្ពុជា។ ភាពជាដៃគូពហុភាគីពាក់ព័ន្ធមានសារៈសំខាន់ក្នុងការផ្តល់លទ្ធផលបន្ថែមទៀត។
