នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការNGO Hiroshima នៃប្រទេសជប៉ុន ដឹកនាំដោយទន្តបណ្ឌិត YUKO IWAMOTO។
ក្នុងជំនួបនេះដែរ ទន្តបណ្ឌិត YUKO IWAMOTO បានថ្លែងអំណរគុណ និងជម្រាបជូន លោក អភិបាលរងខេត្ត អំពីគម្រោងព្យាបាល និងថែទាំសុខភាពមាត់ធ្មេញក្រោមកិច្ចសហការប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមជំនួយរបស់អង្គការ NGO Hiroshima និងសាកលវិទ្យាល័យ Hiroshima ជូនដល់សិស្សានុសិស្សតាមសាលាបឋមសិក្សាក្នុងខេត្តគោលដៅចំនួន៤ រួមមាន៖ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី។ ជាលទ្ធផល គិតចាប់តាំងពីឆ្នាំ២០០៧ ដល់ដើមឆ្នាំ២០២៥នេះ សិស្សានុសិស្សតាមសាលាបឋមសិក្សាក្នុងខេត្តគោលដៅទាំង៤ចំនួន១៥៥០០នាក់ បានទទួលការពិនិត្យព្យាបាលពីក្រុមទន្តបណ្ឌិតជប៉ុន។
លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណ និងគាំទ្រយ៉ាងកក់ក្តៅចំពោះគម្រោងព្យាបាល និងថែទាំសុខភាពមាត់ធ្មេញជូនសិស្សានុសិស្សតាមសាលាបឋមសិក្សាតាមខេត្តគោលដៅចំនួន៤ខាងលើ ជាពិសេសខេត្តសៀមរាប ដែលគម្រោងនេះពិតជាបានចូលរួមចំណែកជាមួយរាជារដ្ឋាភិបាលកម្ពុជាក្នុងលើកកម្ពស់ការយល់ដឹងសុខភាពមាត់ធ្មេញជូនដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសកុមារតូចៗ ដើម្បីរួមគ្នាកាត់បន្ថយបញ្ហាសុខភាពមាត់ធ្មេញ។ ជាទីបញ្ចប់ លោក អភិបាលរងខេត្ត ក៏បានស្នើសុំអង្គការNGO Hiroshima បន្តអនុវត្តនិងពង្រីកគម្រោងព្យាបាល និងថែទាំសុខភាពមាត់ធ្មេញនេះជូនដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសសិស្សានុសិស្សបន្ថែមទៀត៕
