ខេត្ដសៀមរាប ជាខេត្ដមួយក្នុងចំណោមរាជធានី ខេត្ដទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើង ជាប់នឹងខេត្ដឧត្ដរមានជ័យនិងព្រះវិហារ ខាងត្បូងជាប់នឹងខេត្ដបាត់ដំបងនិងបឹងទន្លេសាប ខាងលិចជាប់នឹង ខេត្ដបន្ទាយមានជ័យ និងខាងកើតជាប់នឹងខេត្ដកំពង់ធំនិងព្រះវិហារ មានចំងាយប្រមាណ ៣១៤គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៦។ ខេត្ដសៀមរាបមានផ្ទៃដីសរុបប្រមាណ១០.២៩៩,៤៣ គីឡូម៉ែត្រក្រឡា ចែកចេញជា ១ក្រុង ១៣សង្កាត់ និង១១ស្រុក ៨៧ឃុំ និង៨៧៦ភូមិ ដោយមានប្រជាជនសរុប ១.០៩៦.២៤៨នាក់ មានស្ដ្រី ៥៥៦.០៧២នាក់ ។ គ្រួសារប្រមាណ៨១,៥២% ជាកសិករ រស់នៅពឹងផ្នែកលើវិស័យកសិកម្ម ដែលជាវិស័យចម្បង ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយគ្រួសារ ប្រមាណ ៧,៩៦%ប្រកបរបរលើសេវាទេសចរណ៍ ។
