ខេត្ដសៀមរាប គឺជាខេត្ដមួយស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ៣១៤គ.ម ពីរាជធានី ភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៦ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្ដកំពង់ធំ និងខេត្ដ ព្រះវិហារ ខាងលិចជាប់ នឹងខេត្ដបន្ទាយមានជ័យ ខាងជើងជាប់នឹងខេត្ដឧត្ដរមានជ័យ និងខេត្ដព្រះវិហារ និងខាងត្បូងជាប់នឹងខេត្ដបាត់ដំបង និងបឹងទន្លេសាប។ ខេត្ដសៀមរាបមានផ្ទៃក្រឡាសរុបប្រមាណ ១០.២៩៩,៤៣ គ.ម២ ចែកចេញជា ១៣ក្រុង ស្រុក ដែលក្នុងនោះមាន២ក្រុង ១៤សង្កាត់ និង១១ស្រុក ៨៦ឃុំ និងមានភូមិចំនួន ៩១០ភូមិ ។
សក្តានុពលខេត្តសៀមរាបពឹងផ្អែកវិស័យសំខាន់ៗជាច្រើនរួមមាន វិស័យទេសចរណ៍ វិស័យកសិកម្ម សិប្បកម្ម និងឧស្សាហកម្ម ដែលមានផលិតផលក្នុងស្រុកសរុប (ចំណូលសរុប GDP ១.៨២៩,៧ លានដុល្លារ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់១.៥៦៥,៨៤ដុល្លារ) វិស័យទេសចរណ៍កម្ពុជាដែលជា “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” បាននឹងកំពុងបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណជាង ១២% នៃផលិតផលក្នុងស្រុកសរុបGDP។ ព្រមជាមួយគ្នានេះ វិស័យទេសចរណ៍ត្រូវបានកំណត់ជាវិស័យអាទិភាពនិងជា “មាសបៃតង” ដោយសារវិស័យនេះមិនត្រឹមតែ បង្កើតនូវកាលានុវត្តភាពការងារ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក និងព្រមទាំងលំហូរចូលនូវរូបិយប័ណ្ណ អន្តរជាតិ ដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ ក្នុងនោះខេត្តសៀមរាប ទទួលបានភ្ញៀវជាតិ សម្រាប់ឆ្នាំ២០២៣ ចំនួន ១,៧០០,០០០នាក់ និងភ្ញៀវជាតិ រយៈពេល១១ខែសម្រាប់ឆ្នាំ២០២៤ មានចំនួន ១,៩៦៧,១៥០នាក់ និងភ្ញៀវអន្តរជាតិសម្រាប់ឆ្នាំ២០២៣ ចំនួន ៨៩៨,៣៣៩ នាក់ ភ្ញៀវអន្តរជាតិរយៈ ពេល១១ខែសម្រាប់ឆ្នាំ២០២៤ ចំនួន ៨៩៨,៣៣៩ នាក់។ ជាមួយគ្នានោះសណ្ឋាគារ មានចំនួន ១៧៨កន្លែង ស្មើនឹង ៩,០៩៧ បន្ទប់ ផ្ទះសំណាក់ មានចំនួន ២៩៥កន្លែងស្មើនឹង ៤,៨៨០បន្ទប់ ភោជនីយដ្ឋាន មានចំនួន ១៨៩កន្លែង មណ្ឌលកំសាន្ត មានចំនួន ៤២កន្លែង ទីភ្នាក់ងារទេសចរណ៍ មានចំនួន ២៥៥កន្លែង។
ផ្ទៃដីកសិកម្មមានចំនួនសរុប៣១៦,៦០៨ហិកតា ដែលមានផ្ទៃដីដំណាំស្រូវ សរុប២០៩,១៥០ហិកតា នៃផ្ទៃដីកសិកម្មសរុប ក្នុងនោះមាន៖ ផ្ទៃដីស្រូវរដូវវស្សាមានចំនួន១៨៦ ៥៦៥ហិកតា ស្មើនឹង៨៩.២០% នៃផ្ទៃដីដំណាំស្រូវសរុប ផ្ទៃដីស្រូវវស្សាគ្មានប្រព័ន្ធធារាសាស្ត្រចំនួន៦១,៩៥៩ហិកតា ស្មើនឹង២៩.៦២% ផ្ទៃដីស្រូវវស្សាមានប្រព័ន្ធធារាសាស្ត្រចំនួន១២៤,៦០៦ហិកតា ស្មើនឹង៥៩.៥៧% និងផ្ទៃដីស្រូវរដូវប្រាំង២២,៥៨៥ហិកតា ស្មើនឹង១០.៧៩% នៃផ្ទៃដីដំណាំស្រូវសរុប ផ្ទៃដីដាំដុះដំណាំផ្សេងៗ សរុបមានចំនួន ១០៧,៤៥៨ហិកតា ស្មើនឹង៣៣.៩៤% នៃផ្ទៃដីកសិកម្មសរុប ផ្ទៃដីដំណាំរយៈពេលខ្លីសរុបចំនួន៤៧,៣០០ ហិកតា ស្មើនឹង៤៤.០១% និងផ្ទៃដីដំណាំរយៈវែង សរុបចំនួន៦០,១៥៨ហិកតា ស្មើនឹង៥៥.៩៨% នៃផ្ទៃដី ដាំដុះដំណាំសរុប។ ខេត្តសៀមរាបមានសណ្ឋានដីចែកជាបីតំបន់សំខាន់ៗ៖ តំបន់ខ្ពស់ (តំបន់ខ្ពង់រាប ឬតំបន់ព្រៃភ្នំ) ជាតំបន់ចំការ ឈើហូបផ្លែ និងដំណាំឧស្សាហកម្ម ស្ថិតនៅភាគពាយ័ព្យ ភាគឧត្តរ និងភាគឥសាន នៃខេត្តសៀមរាប ក្នុងនោះមានស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកស្វាយលើ។ តំបន់វាលរាប (តំបន់វាលស្រែ) ដែលលាតសន្ធឹងតាមដងផ្លូវជាតិលេខ៦ ក្នុងនោះមានស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់។ តំបន់ទំនាប ជាតំបន់ជាប់នឹងបឹងទន្លេសាប ដែលស្ថិតនៅប៉ែកខាងកើត នៃខេត្តសៀមរាបមានស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង។ នៅរដូវវស្សាតំបន់នេះទទួលការលិចទឹកជារៀងរាល់ឆ្នាំ មួយភាគជាតំបន់ព្រៃលិចទឹក ដែលជាជំរកត្រីពងកូន ចំណែកខាងលើ នៃតំបន់នេះ ជាកន្លែងធ្វើស្រូវឡើងទឹកនៅរដូវវស្សា និងដាំដំណាំបន្លែ ឪឡឹកធ្វើនៅរដូវប្រាំង។ ក្រៅពីផ្ទៃដីកសិកម្ម ក្នុងនោះមានផ្ទៃដីព្រៃភ្នំ ដីព្រៃលិចទឹក ស្ទឹង បឹងប៊ួរ និងអាងទឹក។