
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត លោក ពៅ ពិសិដ្ឋ បាមបង្ហាញនូវមោទនភាពចំពោះសមិទ្ធផលដ៏សំខាន់នេះ ព្រោះជាចំណែកមួយជួយលើកកំពស់កិច្ចការស្តារ និង អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា និងបញ្ជាក់ពីការផ្សាភ្ជាប់រវាងកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការបម្រើសេវាសាធារណៈ និង ប្រសិទ្ធភាព គុណភាព ស្តង់ដារអប់រំដែលអាចទទួលយកបាន ក្នុងស្ថានភាពនៃការរីកចំរើនរបស់ពិភពលោកដែលយើងរស់នៅផងដែរ ។ លោកអភិបាលរងខេត្តបានលើកឡើងថាការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជន គឺសំដៅទៅលើការកសាងសមត្ថភាពខាងចំណេះដឹង ចំណេះធ្វើ ព្រមទាំងសមត្ថភាព ក្នុងការស្រាវជ្រាវ និង ការអភិវឌ្ឍ ។ ទន្ទឹមនឹងការលើកស្ទួយគុណភាពខាងសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ និង មានមនសិការស្នេហាជាតិ វិជ្ជាជីវៈ ដោយគ្មានការរើសអើងខាងយេនឌ័រ រួមជាមួយនឹងប្រព័ន្ធ សុវត្ថិភាពសង្គមគត់មត់ ព្រមទាំងផ្តល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជន ក្នុងការទទួលការអប់រំទាំងអស់ ។ លើសពីនេះ វិស័យអប់រំទាំងស្ថាប័នរដ្ឋនិងផ្នែកឯកជន ពិតជាមានតួនាទីសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដោយផ្ទេរចំណេះដឹងដល់កុមារ យុវជន និងមនុស្សពេញវ័យ ឲ្យទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ហើយការអប់រំត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូប ក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សាលើចំណេះជំនាញបច្ចេកទេស និង ជំនាញឯកទេសផ្សេងៗ ដើម្បីជាឈ្នាន់សម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព ។
លោក ពៅ ពិសិដ្ឋ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស លើគ្រប់ផ្នែកប្រកបដោយគុណភាព និង មានគុណធម៌ល្អដែលឆ្លើយតបទៅនឹងសំណូមពរ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជាឲ្យក្លាយជាសង្គមរីកចំរើន ជឿនលឿនដែលផ្អែកលើ មូលដ្ឋានចំណេះដឹងទៅលើគ្រប់ វិស័យរួមទាំងវិទ្យាសាស្រ្តបច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយនឹងការរីកចំរើន នៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក ។ មួយវិញទៀតគោលការណ៍ នៃការអប់រំសម្រាប់ទាំងអស់គ្នាគឺទាមទារនូវលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ដែលផ្តល់ឱកាសសើ្មៗគ្នាដល់កុមារនិងយុវជនកម្ពុជាទាំងអស់បានទទួលបានការអប់រំមូលដ្ឋានក្នុងប្រព័ន្ធ និង ការអប់រំក្រៅប្រព័ន្ធ៕