
លោក ផយ សារូ នាយកសាលាបឋមសិក្សាក្របីរៀល បានរំលឹកឡើងវិញថា ឆ្នាំ១៩៧៩ ទីនេះគឺជាមូលដ្ឋានដាច់ស្រយាល កូនចៅប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ត្រូវបានរៀនសូត្រ និងបង្រៀន សិស្សនៅក្រោមផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះ ហើយក្នុងឆ្នាំ១៩៨២ ផ្តើមចេញពីព្រះសង្ឃវត្តព្រៃផ្តៅ ការចូលរួមពីសំណាក់ ឧបាសក ឧបាសិកា អាជ្ញាធរមូលដ្ឋាន អាណាព្យាបាល បាននាំគ្នារុះរើផ្ទះបាយនៅសល់ពីរបប ប៉ុល ពត យកមកកសាងបានសាលារៀន១ខ្នង ស្មើនឹង៣បន្ទប់ បន្ទាប់មកនៅឆ្នាំ១៩៨៤ កសាងបាន១ខ្នងទៀត មាន២បន្ទប់ ដំបូលក្បឿង ជញ្ជាំងស្លឹកដូង ហើយនៅឆ្នាំ១៩៩២ អាគារ២ខ្នងដែលកសាងនោះ ត្រូវបាក់រលំដោយខ្យល់ព្យុះ និងនៅឆ្នាំ១៩៩៣ ព្រះសង្ឃផ្តើម កសាងឡើងវិញ ក្រោមការជួយជ្រោមជ្រែងពីមន្ទីរអប់រំ និង មានការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ផងដែរ ។ ឆ្នាំ១៩៩៦ មូលនិធិសង្គមនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់ឲ្យនូវអគារ១ខ្នង មាន៤បន្ទប់ និង ដោយមានការរីកចំរើនជាលំដាប់ រហូតដល់បច្ចុប្បន្ន រួមទាំងបានតម្លើងកម្រឹតសិក្សា ជាអនុវិទ្យាល័យផងដែរ ។ អ្វីដែលរបាយណ៍សង្កត់ធ្ងន់នោះគឺថា សាលារៀនមួយនេះ មិនឃ្លាតឆ្ងាយពីទឹកព្រះទ័យនៃព្រះសង្ឃនោះឡើយ ហើយអគារសិក្សាថ្មី ដែលបានបើកសម្ពោធនេះ គឺផ្តើមចេញពីព្រះទ័យរបស់ព្រះតេជគុណ ហ៊ន់ ចឹក ព្រះចៅអធិការបន្តវេនវត្តព្រៃផ្តៅ នៃសង្កាត់ក្របីរៀល អាជ្ញាធរ មូលដ្ឋានភូមិ-សង្កាត់ ប្រជាសហគមន័ សប្បបុរសជន និងក្រុមការងារសមាគមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តសៀមរាប ដោយចំណាយសាងសង់មានទំហំទឹកប្រាក់សរុបជាង១៤ម៉ឺនដុល្លាអាមេរិក។
លោក ពិន ប្រាកដ ក្នុងនាមជាអាជ្ញាធរខេត្ត បានធ្វើការកោតសរសើរចំពោះស្នាដៃនៃមហាសាមគ្គី ដែល ផ្តើមចេញពីព្រះទ័យរបស់ព្រះតេជគុណ ហ៊ន់ ចឹក ព្រះចៅអធិការបន្តវេនវត្តព្រៃផ្តៅ ដោយរក្សាបាននូវប្រពៃណីវប្បធម៌ ការចូលរួមរបស់ប្រជាពុទ្ធបរិស័ទ នៅតំបន់ជនបទមួយ បានកសាងសមទ្ធិផលថ្មីមួយ ក្នុងការបណ្តុះបណ្តាលដល់កូនចៅ ជំនាន់ក្រោយ ក្នុងបរិបទកូវីដ-១៩នេះ ។ ក្នុងពេលមុននោះ សង្គមជាតិនៅមានការខ្វះខាតស្ទើរទាំងស្រុង ទាំងសាលារៀន ថ្នាក់រៀន គ្រូបង្រៀន សៀវភៅសិក្សា សម្ភារៈសិក្សាផ្សេងទៀត សម្រាប់បម្រើដល់ការសិក្សា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងមូលដ្ឋាន ប៉ុន្ដែរហូតដល់ពេលបច្ចុប្បន្ន យើងកសាងប្រព័ន្ធអប់រំមួយមានលក្ខណៈពេញលេញ ដែលអាចឆ្លើយតបបាននឹងតម្រូវការ នៃទីផ្សារពលកម្ម ដែលជាលទ្ធផលកើតចេញពីការគិតគូរត្រូវ លើគោលនយោបាយបើកទូលាយការស្វាគមន៍ចំពោះការវិនិយោគ នៃវិស័យឯកជន ដើម្បីបំពេញបន្ថែមក្នុងការអភិវឌ្ឍវិស័យអប់រំ សិក្សាធិការជាតិ។
លោកបានបញ្ជាក់ថា សាលារៀននិងការសិក្សាអបរំ គឺជាឃ្លាំងនៃចំណេះដឹងទូទៅ ដែលមានលោកគ្រូ អ្នកគ្រូ ជាស្ថាបនិកផលិតធនធានមនុស្ស ក្រោមការខិតខំលះបង់ពេលវេលា បណ្តុះបណ្តាលសិស្សានុសិស្សពីជំនាន់មួយទៅជំនាន់មួយទៀត ដើម្បីអនាគតកូនចៅប្រជាពលរដ្ឋ និង ដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រទេសជាតិ។ បើគ្មានការអបរំទេនោះ គឺមិនអាចធ្វើឲ្យសង្គមមួយរីកចំរើនបានឡើយ ការសិក្សាអប់រំ ជាកូនសោសម្រាប់បើកទ្វារអនាគត ។ រាជរដ្ឋាភិបាល បច្ចុប្បន្ន បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យនេះ ដែលមានគ្រូបង្រៀនជាស្នូល ពង្រឹងវិស័យអប់រំសិក្សាធិការជាតិ ។
ក្នុងនោះដែរគណៈអធិបតី ក៏បានធ្វើការបំពាក់នូវគ្រឿងឥស្សរិយយស និង ប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន នាឱកាសនោះផងដែរ៕