ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប បានជម្រុញដល់រដ្ឋបាលក្រុង ស្រុក ធ្វើការពិនិត្យឡើងវិញ ចំពោះការធ្វើអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ក្នុងការទារយកកម្រៃសេវាដោយខុសច្បាប់ពីប្រជាពលរដ្ឋ ដែលពួកគាត់តម្រូវការចាំបាច់ក្នុងការធ្វើឯកសារ សម្រាប់ការចុះបញ្ជីដីធ្លីរបស់ពួកគាត់។ ឯកឧត្តមប្រធានក៏បានឲ្យរដ្ឋបាលក្រុង ស្រុក ត្រូវចុះធ្វើការតាមដាន ពិនិត្យនូវបញ្ហាទាំងនេះ នៅតាមបណ្តាឃុំ សង្កាត់ ក្នុងការតម្រង់ទិស ប្រកបដោយគតិយុត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើសំបុត្រអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ ឯកឧត្តមបន្តទៀតថា ក្នុងករណីនេះ ក៏ត្រូវបានប្រជាពលរដ្ឋ មិនបានពេញចិត្តចំពោះអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលមិនបានគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យ ប៉ះពាល់ដល់គោលការណ៍របស់រាជរដ្ឋាភិបាលទៀតផង។ ក្នុងនោះដែរឯកឧត្តម លី សំរិទ្ធ ក៏បានធ្វើការណែនាំមួយចំនួន ដល់គណៈកម្មការរៀបចំគម្រោងរបស់រដ្ឋបាលខេត្តសៀមរាប ដោយអនុវត្តឲ្យបានជាប្រចាំលើការងាររបស់គណៈកម្មការរបស់ខ្លួន។ ក្នុងនោះឯកឧត្តមបានសូមឲ្យរដ្ឋបាលសាលាខេត្ត បង្កើតគណៈកម្មការត្រួតពិនិត្យ នូវរាល់កិច្ចការងារ និងសកម្មភាពរបស់គណៈអភិបាលខេត្តដែលអនុវត្តបាន ព្រមទាំងសូមឲ្យមន្ត្រីធ្វើរបាយការណ៍ ធ្វើការត្រួតពិនិត្យឡើងវិញ នូវរាល់ខ្លឹមសារ អក្ខាវិរុទ្ធ និងតួលេខ នៅក្នុងរបាយការណ៍ មុននឹងដាក់ឆ្លងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។ ឯកឧត្តមក៏បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ទៅលើរបាយការណ៍ លទ្ធផលដែលរដ្ឋបាលខេត្តសៀមរាបអនុវត្តបានប្រចាំខែកុម្ភៈ ផងដែរ ។
លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាលខេត្ត អនុត្តបានប្រចាំខែកុម្ភៈ ព្រមទាំងបានធ្វើការណែនាំមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តទៅតាមទិសដៅនៃអង្គសន្និបាតរបស់រដ្ឋបាលខេត្តបានដាក់ចេញក្នុងឆ្នាំ២០២៥ ឲ្យសម្រេចបានជោគជ័យ។ កត្តាសំខាន់ត្រូវយកចិត្តទុកដាក់លើការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់ឲ្យបានក្រុមក្មេងទំនើង ករណីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបង្រ្កាបឲ្យខាងតែបានចំពោះបទល្មើសព្រៃឈើ និងជលផល និងគ្រប់គ្រងឲ្យបាននូវព្រៃលិចទឹកបឹងទន្លេសាប(តំបន់៣) ហើយចំពោះបុគ្គលណានៅតែបំពានរានដីព្រៃលិចទឹក តំបន់បី ត្រូវធ្វើការផ្តន្ទាទោសទៅតាមច្បាប់ផងដែរ ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានដំណើរការទៅក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃ គណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជានាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និង អភិបាល ក្រុង ស្រុក ដែលមានរបៀបវារៈចំនួន៤ ដោយពិនិត្យ ពិភាក្សា អនុម័តលើកំណត់ហេតុប្រជុំសាមញ្ញលើកទី៩ និង កិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍ប្រចាំខែកុម្ភៈ ស្តីពីការអនុវត្តការងាររដ្ឋបាលខេត្ត និងអនុម័តលើសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោងរបស់រដ្ឋបាលខេត្តសៀមរាបផងដែរ ៕
