រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី៧ នៃគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប

  • 1
  • ដោយ vannak

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំលេខ១ សាលាខេត្ត​បានដំណេីរការកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី៧ នៃគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ (Meeting Record) រវាងរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​តំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណៈអភិបាលខេត្ត​និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)​ ដឹកនាំដោយលោក​ អាបេ​ ម៉ាសានូរិ​ (ABR Masanori) ប្រធានក្រុមការងារអភិវឌ្ឍន៍ទីក្រុង​ និងតំបន់​ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ​ នៃភ្នាក់ងារចៃការ(Jica)​។

លោក​ អភិបាលរងខេត្ត​ រដ្ឋបាលខេត្តសៀមរាបបានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA អស់រយៈ ពេលជាង ៤ឆ្នាំ មកហើយទៅលើការសិក្សា និងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប នៃខេត្តសៀមរាបឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ។​ ក្នុងដំណាក់កាលទី១ នេះផងដែរ ចៃកាបានជួយរៀបចំនូវផែនទីបង្ហាញផ្លូវក្នុងការជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃសម្រាប់ចក្ខុវិស័យឆ្នាំ(២០២៣-២០៣៥) ហើយដែលផែនទីបង្ហាញផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២៣ ក្រៅពីបានរៀបចំជាផែនទីចង្អុលផ្លូវក្នុងការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ។ នៅដំណាក់កាលទី១ នេះ ទីភ្នាក់ងារJICA បានសហការជាមួយរដ្ឋបាលខេត្តសៀមរាបក្នុងកាអនុវត្តនូវគម្រោងសាកល្បងចំនួន០៨ ហើយដែលនៅក្នុងចំណោមគម្រោងសាកល្បងទាំង ០៨ នេះ គម្រោងចំនួន០៦ បាននឹងកំពុងអនុវត្តជាគម្រោងពេញលេញ(មិនមែនជាគម្រោងសាកល្បងទៀតឡើយ)ក៏ដូចជាត្រៀមធ្វើការពង្រីកបន្ថែមនូវមុខងារលើគម្រោងទាំង០៦នោះអោយច្រើនជាងមុន។ សម្រាប់ដំណាក់កាលទី១ ដែលការអនុវត្តគម្រោងទីក្រុងឆ្លាតវៃរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)នឹងត្រូវបញ្ចប់នៅក្នុងខែឧសភាឆ្នាំ២០២៥​ខាងមុខនេះ។

ក្នុងនាមឯកឧត្តម​ ប្រាក់​ សោភ័ណ​ លោក​ អភិបាលរងខេត្ត​ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារJICA និងក្រុមការងារបច្ចេកទេសដែលបានជួយសម្របសម្រួលដល់ដំណេីរការជំហាន១បានចប់ដោយជោគជ័យ​ និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារJICA​ ដែលបានអនុម័តបន្តការអនុវត្តគម្រោងទីក្រុងឆ្លាតវៃសៀមរាប​សម្រាប់ដំណាក់កាលទី២ បន្តទៀតដោយចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៥ រហូតដល់ខែឧសភាឆ្នាំ២០២៨។

អត្ថបទទាក់ទង