ទិដ្ឋភាពទូទៅ
ខេត្ដសៀមរាប ជាខេត្ដមួយក្នុងចំណោមរាជធានី ខេត្ដទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើង ជាប់នឹងខេត្ដឧត្ដរមានជ័យនិងព្រះវិហារ ខាងត្បូងជាប់នឹងខេត្ដបាត់ដំបងនិងបឹងទន្លេសាប ខាងលិចជាប់នឹង ខេត្ដបន្ទាយមានជ័យ និងខាងកើតជាប់នឹងខេត្ដកំពង់ធំនិងព្រះវិហារ មានចំងាយប្រមាណ ៣១៤គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៦។
ខេត្តសៀមរាប មាន៖
– ផ្ទៃដីសរុបប្រមាណ១០.២៩៩,៤៣ គីឡូម៉ែត្រក្រឡា
– ស្រុកមានចំនួន ១២ និងក្រុង ២ ឃុំចំនួន ៨៥ សង្កាត់ ១៥ និងភូមិចំនួន ៩១០ (គិតត្រឹមឆ្នាំ២០២៤)
– ចំនួនគ្រួសារ ២៦៣ ១២៨ គ្រួសារ
– ប្រជាពលរដ្ឋសរុប ១ ១៩៥ ៤៤៩នាក់ ស្រ្តី ៦០៥ ៧៨៣នាក់
– កម្លាំងពលកម្មជាសក្តានុពលចាប់ពីអាយុ ១៨-៣៥ ឆ្នាំមានចំនួន ៦៥៩ ៤៧៥នាក់ ស្រី ៣៣៨ ៣១៣នាក់
– ចំនួនមនុស្សជាមធ្យម ៤.៥៤ នាក់ ក្នុងមួយគ្រួសារ ដង់ស៊ីតេ ១១៦នាក់/គីឡូម៉ែត្រការ៉េ
– ប្រជាពលរដ្ឋប្រកបរបរកសិកម្ម ទេសចរណ៍
– កម្ពស់ទឹកភ្លៀងជាមធ្យម ១០៩០,៨១ មម/១ឆ្នាំ
– អាកាសធាតុ ២៣ – ៣៩ អង្សាសេ
ចក្ខុវិស័យ
រដ្ឋបាលខេត្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា ព្រមទាំងថែរក្សាឱ្យបាននូវសម្បត្តិវប្បធម៌ និងប្រពៃណីរបស់ជាតិ ។
ទិដ្ឋភាពទូទៅគោលបំណងអភិវឌ្ឍន៍
រដ្ឋបាលខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់ជាចម្បងលើវិស័យ និងសកម្មភាពជាអាទិភាព ដែលរួមមានតាមផ្នែកដូចខាងក្រោម៖
- ផ្នែកសេដ្ឋកិច្ច ខេត្តនឹងជំរុញផលិតភាពដំណាំកសិកម្មមានការវិវឌ្ឍន៍កើនឡើង ជំរុញផលិតកម្មសត្វរបស់ប្រជាកសិករ អោយមានការកើនឡើងអាចធានាការផ្គត់ផ្គង់ទីផ្សារ ទប់ស្កាត់ការផ្ទុះជំងឺឡើងលើសត្វចិញ្ចឹមបណ្តាមកពីអាកាសធាតុប្រែប្រួល ផលិតផលដែលផលិតក្នុងខេត្តមិនមានការប្រកួត ប្រជែងជាមួយផលិតផលនាំចូល បង្កើនសេដ្ឋកិច្ចគ្រួសារតាមរយៈប្រកបរបរ អាជីវកម្មខ្នាតតូច និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ថ្នល់ឲ្យបានសមស្រប។
- ផ្នែកសង្គមកិច្ច ពង្រឹង និងពង្រីកគុណភាពអប់រំចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌នៃសេវាសុខាភិបាល លើកកម្ពស់សិទ្ធិកុមារ សិទ្ធិជនពិការ និងសិទ្ធិប្រជាពលរដ្ឋទូទៅ ពង្រឹងការលើកកម្ពស់តម្លៃវប្បធម៌ និងសីលធម៌ក្នុងសង្គមអោយប្រសើរឡើង
- ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ពង្រឹងច្បាប់ភូមិបាល និងជំរុញការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការសាងសង់សំណង់ខុសច្បាប់ លើកកម្ពស់ការគ្រប់គ្រង ថែទាំ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងលុបបំបាត់ការធ្វើអាជីវកម្មរ៉ែ និងថាមពលផ្សេងៗ បង្កើនការគ្រប់គ្រងសំណល់រឹង រាវ និងការបំពុលបរិស្ថាន។
- ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពង្រឹងការអនុវត្តគោលការអភិបាលកិច្ចល្អរបស់រដ្ឋបាលខេត្ត ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា បន្តថែរក្សា និងពង្រឹងបន្ថែមលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងថែរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ បន្តការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងរៀបចំសោភ័ណភាព និងសុវត្ថិភាពក្នុងទីក្រុងតាមរយៈការអនុវត្តនូវផែនការមេទីក្រុងឆ្លាតវៃ។
យុទ្ធសាស្ត្រអភិវឌ្ឍន៍
- ខេត្តយកចិត្តទុកដាក់ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម ទេសចរណ៍ សេវាកម្ម លើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគឯកជនដែលជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់ឱ្យមកវិនិយោគនៅក្នុងខេត្ត។
- លើកកម្ពស់សេវាសុខាភិបាល អប់រំចំណេះដឹងទូទៅ អប់រំកាយនិងកីឡា គាំទ្រយ៉ាងសកម្មទាន់ពេលវេលាចំពោះជនងាយរងគ្រោះ និងពង្រឹងការប្រតិបត្តិ ព្រះពុទ្ធសាសនា និងពាហិរសានាឱ្យស្របតាមវិន័យសាសនារៀងៗខ្លួន។
- យកចិត្តទុកដាក់រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីឱ្យបានច្បាស់លាស់នៅទូទាំងខេត្ត ពង្រឹងការគ្រប់គ្រងការសាងសង់នូវសំណង់ផ្សេងៗឱ្យបានម៉ឺងម៉ាត់ ពង្រឹងការអនុវត្តវិធានការណ៍ក្នុងការការពារធនធានព្រៃឈើ និងធម្មជាតិដទៃទៀត ជំរុញការដាំដុះព្រៃឈើឡើងវិញ ទប់ស្កាត់សកម្មភាពដែលនាំដល់ការបំពុលបរិស្ថាននានា និងជំរុញសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ណមិនទាន់ផ្ទុះដែលកប់ក្នុងដី។
- យកចិត្តទុកដាក់កែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈកាន់តែមានភាពងាយស្រួល លើកកម្ពស់ការយកចិត្តទុកដាក់ពីសុវត្ថិភាព ផាសុខភាព ការលើកទឹកចិត្ត និងវិន័យការងារមន្រ្តីរាជការនៅទូទាំងខេត្ត និងមានវិធានការណ៍ច្បាស់លាស់ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានាដែលកើតមានឡើងក្នុងខេត្តទាន់ពេលវេលា ស្នើភាព និងតម្លាភាព។