នាព្រឹក ថ្ងៃអាទិត្យ ២កេីត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងឃុំចំនួន ៣ (ឃុំខ្នារសណ្តាយ ឃុនរាម និងឃុំរំចេក) ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី ខេត្តសៀមរាប និងមានការអញ្ជេីញចូលរួមពីឯកឧត្តម លោក លោកស្រីតំណាងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរស្រុកបន្ទាយស្រី និងអាជ្ញាធរឃុំ។ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះផងដែរ លោក អភិបាលរងខេត្ត បានជួបសួរសុខទុក្ខ និងចែកអំណោយដូចជា អង្ករ ត្រីខ មី តង់ កន្ទេល និងថវិកាដល់គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅឃុំខ្នារសណ្តាយ ឃុំឃុនរាម និងបានចុះពិនិត្យបេីកមុខទឹកមួយកន្លែង ស្ថិតនៅឃុំរំចេក ដេីម្បីបញ្ចៀសផលប៉ះពាល់ដល់ការលិចកំណាត់ផ្លូវលេខ ៦៧។ជាមួយគ្នានេះ លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា៕
