នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដឹកនាំដោយ លោក ង៉ាន់ ភិរុណអភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រមប្រឹក្សាខេត្ត និងមានរួមពី ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលអគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន-អនុប្រធានមន្ទីរ-អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ៦៣/៦៩នាក់។ កិច្ចប្រជុំនេះបានពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លេីរបៀបវារៈចំនួន ៦ ដែលពាក់ព័ន្ធនឹងមន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត និងការដោះស្រាយលើបញ្ជីសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩។ ក្រោយពីអនុម័តលើរបៀបវារៈទាំងនេះ អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់គ្នាយ៉ាងផុលផុស។ ជាមួយគ្នានេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តបានជំរុញឱ្យមន្ទីរបរិស្ថានខេត្តនិងមន្ទីររ៉ែនិងថាមពលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេល ដោយក្នុងនោះមន្ទីរជំនាញនីមួយៗត្រូវអនុវត្តការងារយ៉ាងយូរ១៣ថ្ងៃការងារ ហើយត្រូវបញ្ជូនឯកសារដែលស្នើសុំទាំងនោះមកដល់ច្រកចេញ-ចូលរបស់រដ្ឋបាលខេត្ត។ ដោយឡែក ចំពោះបញ្ហាការកាប់រុករានទន្ទ្រានដីរដ្ឋក្នុងតំបន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម "ភ្នំគូលែន” លោក អភិបាលរងខេត្តស្នើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រូវធ្វើការទប់ស្កាត់ការកាប់ទន្ទ្រានវាតយកដីរដ្ឋបន្តទៀត ហើយស្រុកត្រូវរៀបចំការដាំកូនឈើស្តារឡើងវិញ ដើម្បីរៀបចំតំបន់នេះជាតំបន់ទេសចរណ៍បន្ថែមទៀត។ទន្ទឹមនឹងនេះ អង្គប្រជុំបានពិភាក្សាដោះស្រាយលើបញ្ជីសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩ ដោយក្នុងអង្គប្រជុំបានសម្រេចលុបសំណួរ សំណូមពរចំនួន ២៧សំណួរ សំណូមពរផងដែរ។លោក អភិបាលរងខេត្តបានផ្តាំផ្ញើ ដោយជំរុញឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នាក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរនិងទាន់ពេលវេលាដែលបានកំណត់។ក្រៅពីនេះ លោក ក៏បានជំរុញឲ្យអាជ្ញាធរស្រុកដែលជួបបញ្ហាគ្រោះជំនន់ទឹកភ្លៀងត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធក្នុងការបេីកមុខទឹក កាយប្រឡាយ រកវិធីសាស្ដ្របញ្ជៀសទឹក និងជួយរំដោះសង្គ្រោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះដោយជំនន់ទឹកភ្លៀង ទន្ទឹមនឹងនេះ លោកក៏បានណែនាំឱ្យមន្ត្រីជំនាញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាព រក្សាអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ ដេីម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ ១៩។ ម្យ៉ាងទៀត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក បន្តជួយសង្គ្រោះប្រជាពលរដ្ឋក្នុងអំឡុងពេលជំនន់ទឹកភ្លៀងដោយរកទីទួលសុវត្ថិភាព ហើយក៏ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវរក្សាអនាម័យ និងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសត្វអាសិរពិសដែលអាចមានក្នុងអំឡុងពេលជំនន់ទឹកភ្លៀងនេះ៕
