ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត បានផ្តល់ថវិកាមួយចំនួន ក្នុងការជួសជុល និងសាងសង់ដំបូលសាលារៀនមត្តេយ្យ ១ខ្នង នៅស្រុកសូទ្រនិគម
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលព្រមទាំងមន្ត្រីរាជការទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ដែលមានរាយនាមដូចខាងក្រោម៖១.ឯកឧត្ដម ឈួន ហុក២.លោកជំទាវ ស៊ិន ណម ៣.ឯកឧត្ដម អែល សៀត ៤.ឯកឧត្ដម ប្រាក់ ចាន់ធឿន និង៥.ឯកឧត្ដម ម៉ៅ ដារិនបានចូលរួមថវិកាសរុប ១លានរៀល សម្រាប់សងថ្លៃចំណាយលើការងារជួសជុល និងសាងសង់ដំបូលអគារសាលារៀនមត្តេយ្យធនធានស្រុក ចំនួន ១ខ្នង ស្ថិតក្នុងសាលាគំរូស្រុក ឃុំដំដែក ក្នុងកំឡុងពេលដែលឯកឧត្តម លោកជំទាវ បានចូលរួមគាំទ្រនិងសម្របម្រួលកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាស្រុកកាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុក ក្រោយពីទទួលនូវបញ្ហាលើកឡើងពីសំណើរ សំណូមពរ។សូមជម្រាបផងដែរថា កន្លងមកអគារសាលារៀនមត្តេយ្យធនធានចំនួន ១ខ្នងខាងលើនេះ មានសភាពចាស់ទ្រុឌទ្រោមលើជញ្ជាំងនិងដំបូលអគារ ដែលមិនអាចបើកដំណើរការទទួលសិស្សរៀន បង្រៀនបន្តទៀតបាន ដោយបច្ចុប្បន្នសាលាមានអគារ ១ខ្នងដែលទទួលបានការឧបត្ថម្ភពីអង្គការទស្សនពិភពលោក ហើយបានដំណើរការរៀន និងបង្រៀនសិស្សពេញបន្ទប់ ពោលគឺមានការខ្វះខាតបន្ទប់រៀននៅពេលដែលសាលាទទួលចុះឈ្មោះសិស្សចូលរៀនក្នុងឆ្នាំសិក្សាថ្មីនាដើម ឆ្នាំ២០២១ ខាងមុខនេះ។ ហើយបញ្ហានេះ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក បានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាស្រុក ដើម្បីអោយអង្គប្រជុំជួយផ្តល់យោបល់ និងរកដំណោះស្រាយ។ ជាមួយគ្នានោះ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ក៏បានសម្របសម្រួលក្នុងកិច្ចប្រជុំរហូតទទួលបានលទ្ធផលជាផ្លែផ្កាខាងលើ។ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលស្រុក ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមគោរពជូនពរឯកឧត្ដម លោកជំទាវ មានសុខភាពល្អ ប្រកបការងារជោគជ័យគ្រប់ភារកិច្ច និងទទួលនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
