នាថ្ងៃអង្គារ៍ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាលើករណីប្រជាជនកាន់កាប់ និងអាស្រ័យផលនៅក្នុងដែនជម្រកសត្វព្រៃ ”ភ្នំត្នោត-ភ្នំពក” ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានអញ្ជើញចូលរួមដោយ ឯកឧត្ដម សមាជិកគណៈកម្មការទី៣ នៃព្រឹទ្ធសភា ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្តស្តីទី ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រដ្ឋបាលស្រុកជីក្រែង ប្រធានមន្ទីរបរិស្ថានខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត មន្រ្តីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងដែនជម្រកសត្វព្រៃ ”ភ្នំត្នោត-ភ្នំពក” ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ក្រោយពីស្ដាប់នូវការសំណូមពរពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលរស់នៅក្នុងដែនជម្រកសត្វព្រៃ ”ភ្នំត្នោត-ភ្នំពក” ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដល់គោលការណ៍ណែនាំដូចខាងក្រោម៖
១-ប្រគល់ភារៈកិច្ចជូនមន្ទីរបរិស្ថានខេត្ត និងទីស្នាក់ការដែនជម្រកសត្វបឹងពែរ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន ត្រូវរៀបចំកំណត់ហេតុពាក់ព័ន្ធនឹងកិច្ចការនេះផ្ញើជូនក្រសួងបរិស្ថាន
២-ប្រគល់ភារៈកិច្ចជូន ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ចុះពិនិត្យ និងបោះបង្គោលព្រំដែនព្រៃអភិរក្សឱ្យបានច្បាស់លាស់
៣-ត្រូវស្រង់ទិន្នន័យស្ថិតិប្រជាពលរដ្ឋដែលរស់នៅជាក់ស្ដែងក្នុងតំបន់គម្របសត្វព្រៃ ”ភ្នំត្នោត-ភ្នំពក” ឱ្យបានច្បាស់លាស់ ព្រមទាំងសិក្សារកទីតាំងដីផ្លាស់ប្ដូរប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍មកកាន់ទីតាំងថ្មីដែលមានហេដ្ឋរចនាសម្ព័ន្ធសេវាសាធារណៈរបស់រដ្ឋ និងស្ថានភាពដីជាក់ស្ដែង។
៤-ផ្ដល់ជម្រើសដល់សហគមន៍ពិនិត្យលទ្ធភាពការផ្លាស់ប្ដូរមុខរបបពីកសិកកម្មមកជាការចិញ្ចឹមសត្វដូចជា៖ គោ ក្របី ពពែរ និងចៀម ដែលផ្ដល់មេពូជ និងលក្ខណៈបច្ចេកទេសដោយក្រសួងបរិស្ថាន ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែល្អប្រសើរ និងចូលរួមទប់ស្កាត់ការប្រព្រឹត្តបទល្មើសផ្សេងៗ នៅក្នុងសហគមន៍នេះ៕