រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការកណ្តាលតាមប្រព័ន្ធវីដេអូរបស់កាកបាទក្រហមកម្ពុជា

ថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកសមាជិកា គណៈកម្មាធិការសាខាខេត្ត ព្រមទាំងក្រុមប្រតិបត្តិសាខា បានអញ្ជើញចូលរួមកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង ក្រុមការងារទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

លោកជំទាវ ពុំ ចន្ទីនី បានលើកនូវរបៀបវារៈនៃកិច្ចប្រជុំ ដោយបានធ្វើការផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការកណ្តាល ជូនដល់បណ្តាសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី ខេត្ត និង ពីការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និង ការអភិវឌ្ឍន៍ស្ថាប័ន (យុទ្ធសាស្ត្រ ២០២១.២០៣០) និង ការអភិវឌ្ឍន៍ សាខា ។
ឆ្លងតាមសេចក្តីរាយការណ៍ពីសកម្មភាព លទ្ធផល របស់គណៈកម្មាធិការសាខាទាំង២៥រាជធានី ខេត្ត ក្នុងនោះ ដែរឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាខេត្ត បានលើកពីសកម្មភាព និង លទ្ធផលដែលសាខាខេត្ត សៀមរាបអនុវត្តបាននៅឆ្នាំ២០២០ ក្នុងបរិបទនៃជំងឺកូវីដ១៩ បានបង្កបញ្ហារាំងស្ទះដល់ការងារមនុស្សធម៌ក្នុងខេត្ត ។

ឯកឧត្តមបានបញ្ជាក់ក្នុងបរិបទកូវីដ១៩នេះ បានធ្វើឲ្យប៉ះពាល់ដល់ការគៀរគរប្រមូលមូលនិធិមនុស្សធម៌ មានការធ្លាក់ ចុះជាងឆ្នាំ២០១៩ ។ ម៉្យាងទៀតទោះបីមានវិបត្តិជម្ងឺកូវិ១៩ក៏ពិតមែន តែសកម្មភាពមនុស្សធម៌របស់សាខាកាកបាទ ក្រហមខេត្តសៀមរាប នៅតែបន្តធ្វើការដោះស្រាយជូនបងប្អូននៅតាមអនុសាខាក្រុង ស្រុកទាំង១២ ព្រមទាំងមានការ ចូលរួមទ្រទ្រង់សកម្មភាពពីបងប្អូនសប្បុរសជនក្នុងស្រុក សំខាន់កញ្ចប់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនសាខាខេត្ត ត្រូវបានធ្វើការចែកជូនដល់ដៃបងប្អូនរងគ្រោះ ក្នុងពេល ជួបនូវវិបត្តិជំងឺកូវី១៩នេះ។

ឯកឧត្តមក៏បានបញ្ជាក់ថា ក្រៅពីការងារផ្តល់ស្បៀងអាហារ សាខាក៏បានធ្វើការផ្សព្វផ្សាយ ពីវិធានការ ក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់កុំឲ្យមានការឆ្លងជាសហគមន៍ ដោយមានកិច្ចសហការជាមួយអាជ្ញាធរ កងកម្លាំងគ្រប់ជាន់ថា្នក់ សំខាន់ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្មួយៗយុវជនកាកបាទក្រហមនៅតាមគ្រឹះ ស្ថានសិក្សា ពិសេសលើការគ្រប់គ្រងប្រជាពលករវិលត្រឡប់មកពីក្រៅប្រទេស គឺត្រូវចូលខ្លួនធ្វើចត្តាឡីស័ក ក្នុងរយៈពេល១៤ ។

លោកជំទាវ ពុំ ចន្ទីនី បានធ្វើការកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់សាខាទាំង ២៥រាជធានី ខេត្ត ក្នុងសកម្មភាពមនុស្សធម៌ ដោយបានលះបង់គ្រប់បែបយ៉ាង ដើមី្បបុព្វហេតុជាតិមាតុភូមិរបស់ខ្លួន ក្នុងពេលដែលនៅលើ ពិភពលោកយើងនេះ បានកំពុងជួបនូវវិបត្តិកូវិដ១៩ និយាយដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយកត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះសភាពការណ៍កូវិដ១៩នេះ មិនឲ្យមានឆ្លងជាសហគមន៍ ដោយមានការកោតសរសើរពីអន្តរជាតិទៀតផង ។ ទោះបីនៅកម្ពុជាមានកើតឡើងព្រឹត្តិការណ៍ ថ្ងៃ០៣វិច្ឆិកា និង ២៨វិច្ឆិកា នោះ ប្រទេសកម្ពុជាយើងក៏បានគ្រប់គ្រងស្ថានការណ៍បានល្អផងដែរ ។ ក្នុងនោះដែរលោកជំទាវក៏បាន ធ្វើការណែនាំ និង ផ្តល់អនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់យកទៅអនុវត្តនៅតាមបណ្តាសាខារាជធានី ខេត្ត ទាំង២៥ ឲ្យបានចំគោលដៅគ្រឹះទាំង០៧ របស់កាកបាទក្រហមកម្ពុជា តាមពាក្យស្លោក (កាកបាទក្រហមនៅជាមួយបងប្អូនជានិច្ច មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយឥតអាហារនោះឡើយ )៕

អត្ថបទទាក់ទង