កាលពីថ្ងៃសៅរិ៍ ទី២៣ ខែ មករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្ត ខ្នារ តេជោ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ប្រជាពលរដ្ឋជួបការលំបាកចំនួន ២០០០គ្រួសារត្រូវបានឯកឧត្តមបណ្ឌិតឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាំយកអំណោយរបស់មូលនិធិ ថៃ យ៉ា ជាគ្រឿងឧបភោគបរិភោគ មានអង្ករ ៣០តោន ត្រីខ ២ពាន់យួរ អំបិល២ពាន់កញ្ចប់ ទឹកស៊ីអ៉ីវ ២ពាន់យួរ អាល់កុល ២ពាន់ដប និង ថវិកា ២០លានរៀល មកពី១០ឃុំក្នុងស្រុកក្រឡាញ់។
ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ឯកឧត្តមបណ្ឌិតឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានធ្វើការថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់មូលនិធិ ថៃ យ៉ា ដែលតែងចូលរួមនូវរាល់ទុក្ខលំបាកជាមួយប្រជាពលរដ្ឋកម្ពុជានៅតាមបណ្តាខេត្តមួយចំនួន ក្នុងបរិបទនៃជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ផងដែរ ។ ឯកឧត្តមទាំងពីរក៏បានលើកផងដែរថា ដើមី្បសុវត្ថិភាពនៅក្នុងសហគមន៍ ក៏ដូចទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះសុខភាពជាសកលរបស់ប្រជាពលរដ្ឋ បានដាក់នូវវិធានការមួយចំនួន ក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសបានទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលករមកពីក្រៅប្រទេស គឺត្រូវចូលទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មុនបងប្អូនចូលមកកាន់លំនៅដ្ឋានភូមិឃុំរបស់ខ្លួនវិញ។ ក្នុងនោះដែរឯកឧត្តមទាំងពីរក៏បានឲ្យបងប្អូនចូលរួមទាំងអស់គ្នា ក្នុងការធ្វើអនាម័យឲ្យបានជាប្រចាំ ដោយធ្វើ ការលាងដៃសម្អាតដោយទឹកសាប៊ូ អាល់កុល ឬ ជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ព្រមទាំងការចម្អិនម្ហូបអាហារឲ្យ បានឆ្អិនល្អ នោះយើងរួចផុតពីជំងឺគ្រប់បែបយ៉ាង ។ ដូច្នេះសូមបងប្អូនត្រូវចងចាំជានិច្ចថា កូវីដវាមិនភ្លេចយើងទេ មាន តែយើងទេភ្លេចកូវីដ ។
ឯកឧត្តមទាំងពីរក៏បានគូសបញ្ជាក់ថា ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យតំបន់មូលដ្ឋាន ក្នុងស្រុកក្រឡាញ់ ក៏ដូចនៅទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ដើមី្បរក្សាសមទ្ធិផលដែលកើតមានឡើងនៅក្នុងមូលដ្ឋានខ្លួនឲ្យបានគង់វង្ស ចូលយើងរួមគ្នាការពារសន្តិភាពឲ្យបាន ស្ថិតស្ថេរទៅអនាគត ។ ឯកឧត្តមបានបន្តទៀតថា ទោះបីជាពិភពលោកកំពុងជួបវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏មិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ ហើយក៏ជាប្រវត្តិសាស្ត្រថ្មីនៅលើទឹកដីខេត្តសៀមរាប ក្រោមកញ្ចប់ថវិកាចំនួន១៥០លានដុល្លារបស់រាជរដ្ឋាភិបាល ក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាប សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការ ជម្រុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជម្ងឺកូវីដ-១៩ ។ ក្នុងនោះដែរឯកឧត្តម ទាំងពីរ ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការត្រួតពិនិត្យនូវរាល់ឯកសារនៅក្នុង ក្រុមគ្រួសារឲ្យមានគ្រប់លក្ខណៈ ដើមី្បត្រៀមលក្ខណៈចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២ នៅពេលខាងមុខ និង ឆ្ពោះទៅការបោះឆ្នោតជាសកល ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ផងដែរ ។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដល់រដ្ឋបាលស្រុកក្រឡាញ់ នូវម៉ាស់ ៩ពាន់ម៉ាស់ ជែលលាងដៃ ១០កេស ស្មើ ២៥០ដបផងដែរ៕