
លោកស្រី បានផ្តាំផ្ញើនិងណែនាំដល់សមត្ថកិច្ចនិងកម្លាំងប្រជាការពារដែលឈរជើងនៅគោលដៅនោះ កុំធ្វេសប្រហែស ត្រូវរឹតបន្តឹង និងត្រួតពិនិត្យដោយម៉ត់ចត់នូវការធ្វើដំណើរចេញចូលរបស់បងប្អូនឱ្យបានយ៉ាងមធ្យ័តជាទីបំផុត ចៀសវាងនូវការយោគយល់ ជាហេតុនាំឱ្យមានការថ្លោះធ្លោយ បង្កហានិភ័យនាំឱ្យរីករាលដាលនូវជំងឺកូវីដ-១៩ចូលក្នុងសហគមន៍កាន់តែច្រើនដោយសារការធ្វេសប្រហែសនិងយោគយល់។
លោកស្រីអភិបាលរងខេត្តបញ្ជាក់ថា៖ចាប់ពីថ្ងៃទី២០ខែមីនាឆ្នាំ២០២១ ខេត្តសៀមរាបរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ចំនួន៥នាក់ សុទ្ធតែជាករណីនាំចូល ជាហេតុឱ្យគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបិទការធ្វើដំណើរជាបណ្តោះនូវផ្លូវមួយចំនួនក្បែរទីតាំងដែលរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ និងផ្អាកបណ្តោះអាសន្នទីតាំងដែលប៉ះពាល់ជា មួយអ្នកវិជ្ជមានមេរោគកូវីដ១៩ ដូចជា គ្លីនិក ចាវ ចាន់ នៅផ្សារភូមិភាគ គ្លីនិក ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់ គ្លីនិក៧៧៧ និងគ្លីនិកសុខភាពនៅផ្លូវជាតិលេខ៦ ។ ចំពោះការផ្អាកចរាចរណ៍ចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយស្ថានភាព ការរីករាលដាលជំងឺកូវីដ១៩ មានសភាពធូរស្រាល និងវិលមករកប្រក្រតីភាពឡើងវិញ ដោយរដ្ឋបាលខេត្ត នឹងជូនដំណឹងនាពេលក្រោយ ។ក្រៅពីការបិទជាបណ្តោះអាសន្នផ្លូវមួយចំនួននៅក្នុងក្រុងសៀមរាប អាជ្ញាធរខេត្តក៍បានរៀបចំប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិប្រជាពលរដ្ឋមកពីបណ្តាខត្តផ្សេងៗដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅព្រំប្រទល់ខេត្តសៀមរាបកំបង់ធំ សៀមរាប បន្ទាយមានជ័យផងដែរ។
លោកស្រីបានអំពាវនាវហើយអំពាវនាវទៀត ឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីខ្លួនយើង គ្រួសារយើង មនុស្សជាទីស្រលាញ់ និងខេត្តរបស់យើងតាមរយៈការអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល៣ការពារនិង៣កុំ។ ៣ការពារគឺ_ត្រូវពាក់ម៉ាស់_ត្រូវលាងដៃ_ត្រូវរក្សាគម្លាតបុគ្គល។៣កុំ_កុំនៅបន្ទប់បិទជិត_កុំនៅកន្លែងកុះករ_កុំប៉ះពាល់គ្នា។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនរបស់រដ្ឋបាលខេត្តទៅប្រគេនដល់ព្រះគ្រូអនុគណក្រុងសៀមរាបមានដូចជាបន្លែ ត្រប់ ត្រសក់ ស្ពៃឆៃថាវ អង្ករ២០០គ.ក្រ មី២កេសធំ ត្រីខ២កេសធំ ទឹកសុទ្ឋ ទឹកស៊ីអីវ និងម៉ាសផងដែរ។
+11