
លោក នាក់ ណេរ៉ុន បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តសៀមរាប ដែលបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះ ឡើង ក្នុងគោលដៅចងក្រងបង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរតាមប្រព័ន្ធ(Web App) ដើម្បីតាមដាន និងទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ។ លោកបានបន្ថែមថា ការផ្តួចផ្តើមសហការរៀបចំបង្កើតកម្មវិធី (Web App) សម្រាប់គ្រប់គ្រងទិន្នន័យអ្នកដំណើរ ដែលធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ទាំងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីព្រំដែន និងតាមបណ្តារាជធានី ខេត្តនានា ដើមី្បធ្វើការតាមដាន ស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសជួយសម្រួលដល់ការងាររបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារស្រាវជ្រាវ និង តាមដានបុគ្គលសង្ស័យថាមានផ្ទុកជម្ងឺកូវីដ-១៩ ខេត្តសៀមរាប ។
លោកក៏បានបញ្ជាក់ថា កម្មវិធីនេះមិនត្រឹមតែជួយសម្រួលដល់ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះទេ ក៏ជាការសាកល្បងនាំមុខមួយយ៉ាងសំខាន់របស់រដ្ឋបាលខេត្ត ដើម្បីរួមចំណែកក្នុងការអនុវត្តតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាក្នុងវិស័យរដ្ឋបាលសាធារណៈ ស្របតាមបរិបទសមាហរណកម្មអាស៊ាន និងសាកលភាវូបនីយកម្ម ។
លោកមានសង្ឃឹមយ៉ាងមុតមាំថា ក្នុងការអនុវត្តកម្មវិធីនេះ ខេត្តសៀមរាប នឹងទទួលបានបទពិសោធន៍ជោគជ័យ ក្នុងការគ្រប់គ្រងទិន្នន័យ និងទប់ស្កាត់ជម្ងឺកូវីត-១៩ ក្នុងសហគមន៍ និង ក្លាយជាខេត្តលេចធ្លោមួយ ដែលរដ្ឋបាលខេត្តផ្សេងៗ អាចយកជាបទពិសោធន៍ និងគំរូអនុវត្តតាមផងដែរ ។ ជាមួយគ្នានេះ លោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវអនុវត្តវិធានការណ៍របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានជាប្រចាំ ៣កុំ ៣ការពារ ក្នុងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យមានរីករាលដាលជាសហគមន៍ ពីព្រោះថា ជំងឺកូវីដវាមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវីដ ៕