
តាមរយៈលទ្ធផលនៃការស្រាវជ្រាវបឋមរបស់ក្រុមការងារជំនាញ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា អ្នករួមដំណើរក្នុងរថយន្តចំនួន៧នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ ផ្អែកតាមទិន្នន័យដែលបានមកពីការស្រង់ស្ថិតិអ្នកធ្វើដំណើរចូលខេត្តសៀមរាប នៅចំណុចព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ(ស្រុកជីក្រែង-ស្រុកស្ទោង) ក្នុងនោះអ្នកដំណើរចំនួន៥នាក់ មានអាសយដ្ឋានស្នាក់នៅក្នុងខេត្តសៀមរាប ត្រូវបានក្រុមការងារជំនាញបញ្ជូនមកយកសំណាកធ្វើតេស្តស្រាវជ្រាវ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ដោយឡែក ២នាក់ទៀត ម្នាក់បានបន្តដំណើរទៅខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតជាអ្នកបើកបរ បានបន្តដំណើរទៅរាជធានីភ្នំពេញ។ ក្រុមការងារជំនាញ នឹងបន្តស្រាវជ្រាវព័ត៌មានលម្អិត ដើម្បីចាត់វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងអ្នកបើកបរដូចបានបញ្ជាក់ជូន សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕